ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩
 
ចែករំលែក ៖

នាថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨:០០នាទីព្រឹក ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិប​តី​ភាព​​ដ៏ខ្ពង់​ខ្ពស់​របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៦រូប។

អង្គប្រជុំ បានដំណើរការតាមរបៀបវារៈចំនួន ០២រួមមាន៖

របៀបវារៈទី១៖  ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។

យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ និងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី សម្រាប់នីតិកាលទី៤ ចំនួន ០៣រូប រួមមាន៖១. ព្រះអង្គម្ចាស់ នរោត្តម ប្រីយសោភ័ណ្ឌ ជាសមាជិកព្រឹទ្ធសភា ចាត់តាំងដោយព្រះមហាក្សត្រ ជំនួស សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដែលបានសុំលាឈប់ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ។ ២. ឯកឧត្តម ញ៉ូវ សុង ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) ជំនួស ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ ដែលបានទទួលមរណភាព។ ៣. ឯកឧត្តម ឡៅ ឆន ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន) ជំនួស លោកជំទាវ ស៊ឹង ស៊ីយុត ដែលបានទទួលមរណភាព។

សមាជិកព្រឹទ្ធសភាថ្មីទាំង ០៣រូបនេះ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។

របៀបវារៈទី២៖ ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ០១រូប សម្រាប់ជំនួសសមាជិកដែលត្រូវបញ្ចប់អាណត្តិ។

 

ដោយអនុលោមតាមមាត្រា៤ និងមាត្រា៥ នៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងយោងលិខិតលេខ៖ ១៣៥៩ កយ.រប/១៩ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើសុំឱ្យព្រឹទ្ធសភាជ្រើសរើសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ០១រូប            ជំនួស ឯកឧត្តម  អ៊ុំ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។

អង្គប្រជុំព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ុំ សារិទ្ធ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយមានសំឡេងគាំទ្រចំនួន ៥០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ