គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍
 
ចែករំលែក ៖

គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា(គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ គឺដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម វិធានការ និងចក្ខុវិស័យទៅមុខរបស់ក្រសួង ដឹកនាំដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ឈិត សុខុន បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខថ្នាក់ដឹកនាំក្រសួង ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា។

ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានមានប្រសាសន៍ កោតសសើរចំពោះការខិតខំប្រឹងប្រែងសម្រេចបានជោគជ័យ ក្នុងតួនាទី ភារកិច្ចជូនជាតិមាតុភូមិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភាពឆ្លាតវៃរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការដឹកនាំ គ្រប់គ្រង ការទំនាក់ទំនងដោយភាពទន់ភ្លន់ បត់បែនលើកិច្ចសហប្រតិបត្តិការទាំងក្នុងនិងក្រៅប្រទេស ដើម្បីពង្រីកទីផ្សារភ្ញៀវទេសចរ ឃើញថាកំណើនភ្ញៀវទេសចរជាតិ និងអន្តជាតិ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយពីទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ នាពេលកន្លងមក។

ឯកឧត្តមប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានលើកទឹកចិត្តដល់ក្រសួង ឱ្យបន្តខិតខំរួមគ្នាដោះស្រាយជាជំហានៗ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ដែលជាវិស័យអាទិភាព ជាមាសបៃតង ជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច តាមរយៈការបង្កើតអាជីវកម្ម ការងារ បង្កើនប្រាក់ចំណូល និងការកាត់បន្ថយភាពក្រីក្រ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ