ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពនានា “ខ្មែរប្រែពី ដាច់បាយ ទៅ ផ្តាច់បាយ”
 
ចែករំលែក ៖

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសុន្ទរកថាបិទ ក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីគោលនយោបាយរបស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្ដី បានប្តេជ្ញាលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព ប្រកប ដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាជន។ បច្ចុប្បន្នកាល សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្តសង្គតភាពគោលនយោបាយលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដោយផ្តោតលើការកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លង និងការលើកកម្ពស់សុខភាពម្តាយ និងទារក កុមារ និងការទទួលបានសេវាថែទាំសុខភាពទូទៅ។
ឯកឧត្តមបណ្ឌិត បានលើកអំពីប្រទេសជាច្រើននៅលើពិភពលោក កម្ពុជា ប្រឈមនឹងជំងឺមិនឆ្លងចម្បង ៣ គឺ៖ ជំងឺទឹកនោមផ្អែម មហារីក និងសម្ពាធឈាមខ្ពស់ ដែលបណ្តាលមកពីកត្តាហានិភ័យចម្បងប្រាំ រួមមាន៖ របបអាហារមិនមានសុខភាព (ផ្អែម ប្រៃ ខ្លាញ់) កង្វះសកម្មភាពរាងកាយ ការប្រើប្រាស់ផលិតផលថ្នាំជក់ ភេសជ្ជៈថាមពល និងគ្រឿងស្រវឹង ប្រកបដោយគ្រោះថ្នាក់។ យោងតាមលទ្ធផលសន្និបាតសុខាភិបាលកម្ពុជា នៅក្នុងឆ្នាំ២០២៤ ក្នុងនោះ ការប្រើប្រាស់សេវាជំងឺទឹកនោមផ្អែមកើនឡើង ៥៩% និងជំងឺលើសឈាមកើនឡើង ២១%។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ស្ថិតក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពនានា ដែលយើងកំពុងទទួលបាន យើងគួររួមគ្នាជំរុញការងារ២សំខាន់៖
– សុខភាព៖ ខ្មែរប្រែពី ដាច់បាយ ទៅ ផ្តាច់បាយ ពោលគឺប្រែពី មានហូបតិចពេក ទៅមានហូបច្រើនពេក ហើយយើងឃើញមានចំនួនមនុស្សធាត់បានកើនឡើង ដោយសារចូលចិត្តអាហារមានស្ករ អំបិល និងខ្លាញ់ច្រើន។
– អប់រំ ៖ បង្រៀនប្រជាពលរដ្ឋ ឱ្យចេះ និងចេះស្រាវជ្រាវ លើការថែទាំសុខភាព ហើយក្នុងន័យនេះ ភាសាអង់គ្លេស គឺជាភាសាអាទិភាព សម្រាប់ការស្រាវជ្រាវផ្នែកសុខភាព វិទ្យាសាស្រ្ត និងការធ្វើជំនួញ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ