ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ទស្សនារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ចាម
 
ចែករំលែក ៖

នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលទស្សនារោចក្រកែច្នៃស្វាយចន្ទី (Welwilling Agricultural Technology Cambodia) ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំមួយនៅកម្ពុជា ដោយក្នុងមួយឆ្នាំរោងចក្រអាចប្រមូលទិញគ្រាប់ស្វាយចន្ទីប្រមាណ ១០ម៉ឺនតោន និងកែច្នៃជាផលិតផលសម្រេចបានប្រមាណ ៣ ៥០០តោន។
កម្ពុជា ជាប្រទេសឈានមុខគេ ក្នុងការផលិតគ្រាប់ស្វាយចន្ទី ដោយក្នុងមួយឆ្នាំ កម្ពុជាអាចផលិតគ្រាប់ស្វាយចន្ទីចន្លោះពី ៧០ម៉ឺន-៨០ម៉ឺនតោន និងអាចរកចំណូលបានប្រមាណ ១ពាន់លានដុល្លារ/ឆ្នាំ។ កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះ​ខេត្ត​ចំនួន ១០ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីច្រើនជាងគេ រួមមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺន​ហិកតា (១៤៧ ៧០៣) ខេត្តក្រចេះជាង ១០ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ហិកតា កំពង់ចាម ៤៦ ៥៨២ហិកតា ស្ទឹងត្រែង ៤៤ ២៥០ហិកតា ខេត្ត​ត្បូងឃ្មុំ ៣៦ ៤០៣ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ហិកតា (យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)។ គិតត្រឹមខែឧសភានេះ ការប្រមូលផលគ្រាប់ស្វាយចន្ទី សម្រេចបានប្រមាណ ៧០% ខណៈតម្លៃមានភាពល្អប្រសើរ គឺចន្លោះពី ៤៨០០-៥២០០​រៀល​/គីឡូក្រាម ទៅតាមតំបន់ និងគុណភាពគ្រាប់។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ