ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការស្មៀន មេប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិ ក្នុងឃុំព្រៃគ្រី ចំនួន១៥នាក់
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅសាលាឃុំព្រៃគ្រី ស្រុកជនគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការស្មៀន មេប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិ ក្នុងឃុំព្រៃគ្រី ចំនួន១៥នាក់ ស្រី៣នាក់ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារនៅក្នុងឃុំរយៈពេលកន្លងមក បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងទិសដៅបន្តរបស់ក្រុមប្រឹក្សាឃុំ។ បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់លោកស្រីមេឃុំ និងដោយមានការចូលរួមយោបល់ពីអង្គប្រជុំ ឯកឧត្តម បានសម្ដែងនូវការកោតសរសើរ ចំពោះលទ្ធផលការងារសម្រេចបាននាពេលកន្លងមក ពិសេសការបង្កឱកាសឲ្យប្រជាពលរដ្ឋ បានចូលរួមសប្បាយរីករាយក្នុងសង្ក្រាន្តឆ្នាំថ្មី។ ឯកឧត្តម បានសំណូមពរឲ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បន្តខិតខំផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធិភាព បន្តខិតខំដោះស្រាយសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងសកម្មជម្រុញការចុះឈ្មោះបោះឆ្នោតឲ្យទទួលបានលទ្ធផលល្អ។ ចុងក្រោយឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួន ជាសោហ៊ុយដល់អ្នកចូលរួម ថវិកាជួយគាំទ្រដល់ដំណើរការចុះឈ្មោះបោះឆ្នោតក្នុងឃុំ ថវិកាមូលនិធីសង្គហធម៌ឃុំ និងថវិកាចូលរួមជួយកសាងជណ្ដើរឡើងភ្នំ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ