ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅខែឧសភា ឆ្នាំ២០២៥
 
ចែករំលែក ៖

នារសៀលថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។
បន្ថែមពីលើលទ្ធផល និងទិសដៅការងារដែលមាននៅក្នុងខ្សែវីដេអូបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ អញ្ជើញទៅប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងប្រទេសទីម័រឡេស្តេ ដែលត្រូវបានទទួលការគោរពកោតសរសើរពីឥស្សរភាពរបស់សម្តេចតេជោ ដោយចាត់ទុក សម្តេចតេជោ ជាឥស្សរជនដ៏មានឥទ្ធិពលបំផុតមួយរូប នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជារដ្ឋបុរសចាស់ទុំ ព្រមទាំងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមប្រធានាធិបតីចិន និងលោកជំទាវ នាយករដ្ឋមន្រ្តីថៃ មកកាន់កម្ពុជា ជាពិសេសការគាំទ្រពីប្រទេសចិនលើគម្រោងព្រែកជីកហ្វូណនតេជោ។
ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អង្គភាពពាក់ព័ន្ធ ត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងប្រជុំពេញអង្គព្រឹទ្ធសភា ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់នានាដែលនឹងមកដល់ព្រឹទ្ធសភានាពេលខាងមុខ និងការពិនិត្យសិក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ព្រមទាំងត្រៀមរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភានា។
ទន្ទឹមគ្នានោះ ឯកឧត្តមអគ្គលេខាធិការ បានណែនាំឱ្យបែកចែកកុំព្យូទ័រ ដែលទទួលបានពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចំនួន១០០គ្រឿង ទៅតាមការស្នើសុំរបស់អង្គភាពនីមួយៗ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានជម្រាបអំពីវឌ្ឍនភាពនៃការផ្តល់ជំនួយរបស់ប្រទេសចិន លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលបន្ទុកទិន្នន័យ (Data Center) និងគម្រោងសាងសង់អគារការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន១ខ្នង ផងដែរ។
មុននឹងបញ្ចប់ ឯកអគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់អង្គភាពទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចជាមួយការងារធំៗ និងជាមួយសកម្មភាពការងារកាន់តែច្រើនក្នុងរយៈពេលមួយខែកន្លងទៅនេះ បានយ៉ាងល្អប្រសើរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ