សមាជរដ្ឋសភានិងព្រឹទ្ធសភា គាំទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែន របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសន្តិវិធីនិងតាមផ្លូវច្បាប់អន្តរជាតិ
 
ចែករំលែក ៖

សមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥ បានគាំទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ពីការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានឯកភាពគំាទ្រទំាងស្រុង ចំពោះយន្តការរបស់រាជរដ្ឋាភិបាលខាងលើនេះ ក្នុងសំឡេង១៨២ លើ១៨២ សំឡេង នៃសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលមានវត្តមានក្នុងកិច្ចប្រជុំ។
សូមជម្រាបថានៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ មិថុនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា បានគូសបញ្ជាក់ពីជំហរបស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ ដោយសន្តិវិធី និងតាមផ្លូវច្បាប់អន្តរជាតិ ដូចជាការបន្តអនុវត្តយន្តការដែលប្រទេសទំាងពីរបានអនុវត្តកន្លងមក។ ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្រ្តី បានស្នើដល់ក្រុមការងារ លើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង ដើម្បីបញ្ចប់បញ្ហាព្រំដែន ពោលគឺ«ត្រូវពន្លត់ភ្លើងជៀសជាងអង្គុយបក់ផ្សែង»។
កិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់គ្រប់យន្តការទាំងផ្នែកលើការទូត ការចរចា ច្បាប់អន្តរជាតិ និងសិទ្ធិស្វ័យការពារខ្លួន ជាការបន្តនូវ បេសកកម្មដ៏មោះមុត មិនងាករេ ក្នុងការរក្សាសន្តិសន្តិភាព និងឧត្តមប្រយោជន៍ស្នូលរបស់ជាតិ ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង៤០ឆ្នាំ កន្លងមកនេះ ក្នុងការកសាងបន្ទាត់ព្រំដែនជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ