ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីជលផល និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៤ និងទី៨ព្រឹទ្ធសភា
 
ចែករំលែក ៖

នារសៀលថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៨:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួម ចំនួន ៦០រូប។
នៅរសៀលនេះ អង្គប្រជុំបានបន្តដំណើរការទៅតាមរបៀបវារៈ ដូចខាងក្រោម៖
១-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីជលផល។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានឯកឧត្តមបណ្ឌិត ម៉ង់ ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា ឡើងរាយការណ៍ជូនអង្គប្រជុំអំពី លទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់។
សមាជិកព្រឹទ្ធសភាចំនួន៦រូប បានឡើងមានយោបល់ និងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អង្គប្រជុំបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
២-បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា និងគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា។
លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកាគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារ សាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា (គណៈកម្មការទី៤) ដោយទទួលបានសំឡេងគាំទ្រចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ឯកឧត្តម អ៊ុន វណ្ណា សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដោយទទួលបានសំឡេងគាំទ្រចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
អង្គប្រជុំបានបញ្ចប់នៅម៉ោង ១៦:០០នាទី នាថ្ងៃខែឆ្នាំដដែល៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ