ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ សមាគមកាហ្វេកម្ពុជា គឺជាការបើកទំព័រថ្មីមួយដល់វិស័យឧស្សាហកម្មកាហ្វេកម្ពុជា ដែលនឹងឈានទៅផ្លាស់ប្តូរពីប្រទេសនាំចូលគ្រាប់កាហ្វេ ជាប្រទេសនាំចេញ និងផ្គត់ផ្គង់កាហ្វេវិញម្តង
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមកាហ្វេកម្ពុជា (Cambodia Coffee Association) ដឹកនាំដោយលោក ឌុក ពិសិដ្ឋ ចូលជួបសម្តែងការគួរសម និងគោរពសុំការណែនាំ និងទស្សនវិស័យអំពីអនាគតនៃឧស្សាហកម្មកាហ្វេនៅកម្ពុជា។

សមាគមកាហ្វេកម្ពុជា CCA ដែលទើបត្រូវបានបង្កើត កាលពីខែមិថុនា កន្លងទៅនេះ មានសមាជិកចំនួន ១៧ រូប តំណាងឱ្យធុរកិច្ចចំនួន ១៧ រួមមានម្ចាស់ហាងកាហ្វេ កសិករដាំដុះកាហ្វេ អ្នកប្រើប្រាស់កាហ្វេ ម្ចាស់អាជីវកម្មផ្គត់ផ្គង់ម៉ាស៊ីនកាហ្វេគ្រប់ប្រភេទ អ្នកស្រាវជ្រាវ និងអ្នកផ្តល់សេវាកម្មដាំដុះ។ កិច្ចប្រជុំផ្តោតលើការជួយប្រជាកសិករដែលដាំកាហ្វេ ទាំងផ្នែកបច្ចេកទេសដាំដុះ ការប្រើប្រាស់ជី និងរហូតដល់ការស្វែងរកទីផ្សារ។ សមាគមកាហ្វេកម្ពុជា នឹងជួយពង្រឹងដល់ប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ ការពង្រីកលទ្ធភាពទទួលបានទីផ្សារអន្តរជាតិ និងការលើកកម្ពស់ម៉ាកយីហោក្នុងស្រុក។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានមានប្រសាសន៍ថា សមាគមកាហ្វេកម្ពុជា គឺជាការបើកទំព័រថ្មីមួយដល់វិស័យឧស្សាហកម្មកាហ្វេកម្ពុជា ដែលនឹងឈានទៅផ្លាស់ប្តូរពីប្រទេសនាំចូលគ្រាប់កាហ្វេ ជាប្រទេសនាំចេញ និងផ្គត់ផ្គង់កាហ្វេវិញម្តង។ ឯកឧត្តមបណ្ឌិត បានផ្តល់ជាទស្សនវិស័យដល់សមាគមកាហ្វេ ត្រូវធ្វើយ៉ាងណាពង្រឹងផលិតផលខ្មែរតាមរយៈគុណភាព មានតម្លៃសមរម្យ និងត្រូវជំរុញការដាំដុះ និងការចែកចាយ។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីនិន្នាការទីផ្សារកាហ្វេពិភពលោក ដោយបង្ហាញពីការកើនឡើងនៃតម្រូវការកាហ្វេពិសេស ដែលកម្ពុជាអាចទាញយកបាន។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថាសភា និងរដ្ឋាភិបាល តែងជួយកសិករ ក៏ដូចជាសហគ្រិនខ្មែរ តាមរយៈគោលនយោបាយគាំទ្រ និងការសម្រួលហេដ្ឋារចនាសម្ព័ន្ធនានា។

ឯកឧត្តមបណ្ឌិត បានបន្តថា ការប្រមូលផ្តុំម្ចាស់ធុរកិច្ច ក្នុងវិស័យឧស្សាហកម្មកាហ្វេ ប្រាកដជាលើកកម្ពស់កាហ្វេកម្ពុជានៅលើឆាកអន្តរជាតិ។

អត្ថបទ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ