ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ដឹកនាំកិច្ចប្រជុំប្រចាំខែ ជាមួយក្រុមនានានៃព្រឹទ្ធសភា
 
ចែករំលែក ៖

 

នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា, ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨, ប្រធានក្រុមសមាជិកា និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ដោយពិភាក្សាលើរបៀវារៈចំនួន២៖ ទី១. ការប្រមូលទិន្នន័យ និងការសិក្សាពីប្រសិទ្ធភាពការងាររបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមភូមិភាគទាំង៨ និងទី២. ប្រមូលទិន្នន័យ និងសិក្សាត្រូវកែ ឬធ្វើសេចក្តីស្នើច្បាប់អ្វីខ្លះឆ្ពោះទៅឆ្នាំ២០៥០ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា។

អង្គប្រជុំបានពិភាក្សា និងលើកឡើងអំពីស្ថានភាពរបស់មូលដ្ឋាន និងការរួមចំណែករបស់សមាជិកព្រឹទ្ធសភា ក្នុងការជួយដោះស្រាយបញ្ហា និងសំណូមពររបស់មូលដ្ឋាន ព្រមទាំងសមិទ្ធផលដែលសម្រេចបានកន្លងមក។ ទន្ទឹមនោះដែរ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ដើម្បីពង្រឹងគណនេយ្យភាព និងប្រសិទ្ធភាព គឺត្រូវធ្វើការឱ្យបានកៀកកិតនិងស្និទ្ធស្នាលជាមួយមូលដ្ឋាន ដោយមានការកត់ត្រា ជំរុញ និងលើកទឹកចិត្តក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យចេះប្រើអាទិភាពក្នុងការដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។

នៅចុងបញ្ចប់នៃអង្គប្រជុំ ឯកឧត្ដមបណ្ឌិត បានបញ្ជាក់លើសារៈសំខាន់២គឺ ទី១-ស្វែងរកព័ត៌មានដើម្បីពង្រឹងសមត្ថភាពរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត សម្រាប់ផលប្រយោជន៍មូលដ្ឋានរបស់ពួកគាត់ និងទី២-រួមគំនិតគ្នាដើម្បីរៀបចំវេទិកាអន្តរជាតិ ដោយសូមឱ្យគណៈកម្មការនីមួយៗពិចារណាក្នុងការរកប្រធានបទល្អៗ និងដៃគូគាំទ្រ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ