គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញនាំយកសម្ភារៈ បរិក្ខារជូនដល់ជនភៀសសឹកពីតំបន់ប្រយុទ្ធសមរភូមិមុខ នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម ឈួន ឡេង ឯកឧត្តម គិន ណែត និងឯកឧត្តម ញ៉ូវ សុង សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញនាំយកសម្ភារៈ បរិក្ខារមួយចំនួនជូនដល់ជនភៀសសឹកពីតំបន់ប្រយុទ្ធសមរភូមិមុខ នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ។
សម្ភារៈទាំងនោះរួមមាន៖ សេរ៉ូម និងបរិក្ខារពេទ្យមួយចំនួនធំប្រគល់ជូនទីបញ្ជាការស្រាលមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម សម្រាប់ដល់ជូនផ្នែកជំនាញសង្គ្រោះប្រជាជន ចំណែកអាវភ្លៀង ១៥០០អាវ និងសំពត់តង់ធុនធំ ចំនួន៥០ របស់គណៈកម្មការទី២ព្រឹទ្ធសភា បានយកទៅចែកជូនប្រជាពលរដ្ឋតាមស្នាក់ការឃុំ ដែលគ្រប់គ្រងជនភៀសសឹកចំនួន ៧ទីតាំង។

ជាមួយនោះ ឯកឧត្តមប្រធានគណៈកម្មការ និងសមាជិកទាំអស់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ព្រួយបារម្ភរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះបងប្អូនជនភៀសសឹកទាំងអស់ និងជូនពរឱ្យបងប្អូនមានសុវត្ថិភាព និងសុខភាពល្អ ឆាប់បានវិលត្រឡប់ទៅកាន់លំនៅឋានប្រកបរបរចិញ្ចឹមជីវិតឡើងវិញ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ