ព្រឹទ្ធសភាបោះឆ្នោតជ្រើសតាំងតំណាងព្រឹទ្ធសភា ក្នុងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
 
ចែករំលែក ៖

នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៥រូប។
មុននឹងចាប់ផ្តើមដំណើរការអង្គប្រជុំ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានស្នើដល់សមាជិក សមាជិកាព្រឹទ្ធសភា និងអ្នកចូលរួមក្នុងអង្គប្រជុំក្រោកឈរស្មិងស្មាធិ៍ដើម្បីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ១រូបតំណាងព្រឹទ្ធសភា។
ដោយអនុលោមតាមមាត្រា៦ និងមាត្រា៧ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានស្នើសុំឱ្យព្រឹទ្ធសភាជ្រើសតាំងឥស្សរជន១រូប ជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤ (២០២៥-២០៣០) តំណាងព្រឹទ្ធសភាជំនួសឯកឧត្តម លី ណារុន ដែលត្រូវបញ្ចប់អាណត្តិ។
ស្របតាមបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នីតិកាលទី៥ និងការផ្សព្វផ្សាយជាសាធារណៈរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាតាមសេចក្តីជូនដំណឹងលេខ ៨៧២/០៧២៥/អ.ពស/នវ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទទួលពាក្យសុំនិងធ្វើការពិនិត្យលើឯកសារពាក់ព័ន្ធ ដើម្បីដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចលើសុពលភាព។
បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាសម្រេចលើសុពលភាពបេក្ខជនរួចមក សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ បានដំណើរការបោះឆ្នោត ហើយឯកឧត្តម ឡាយ សំកុល ត្រូវបានបោះឆ្នោតជ្រើរើសជាតំណាងព្រឹទ្ធសភា ក្នុងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងព្រឹទ្ធសភាសម្រាប់អាណត្តិទី៤ (២០២៥- ២០៣០) ដោយទទួលបានការគាំទ្រចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ