ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើគណៈកម្មការទាំង១០ និងភូមិភាគទាំង៨របស់ព្រឹទ្ធសភា ជួយជំរុញសកម្មភាពមនុស្សធម៌ ក្នុងខេត្តជាប់ព្រំដែនខ្មែរ-ថៃ
 
ចែករំលែក ៖

នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំប្រចាំខែជាមួយគណៈកម្មការទាំង១០ និងភូមិភាគទាំង៨របស់ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានសម្តែងនូវការកោតសរសើរដល់សមាជិកព្រឹទ្ធសភា ដែលបានរួមចំណែកយ៉ាងសកម្មជួយដល់សមរភូមិមុខ ពិសេសគឺការឧបត្ថម្ភទាំងស្មារតី និងសម្ភារៈជូន វីរកងទ័ព ដែលបាននិងកំពុងបំពេញភារកិច្ច យ៉ាងអង់អាចក្លាហាន ដើម្បីប្រទេសជាតិ និងប្រជាជាតិខ្មែរ ក៏ដូចជាជនភៀសសឹកជាង១៧ ម៉ឺននាក់ដែលកំពុងស្នាក់នៅក្នុងខេត្តចំនួន៥ មានខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ និងសៀមរាប។

ឯកឧត្តមបណ្ឌិត បានស្នើឱ្យឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា បន្តសកម្មភាពមនុស្សធម៌ និងប្រឹងប្រែងពន្យល់ពលរដ្ឋ កុំជឿព័ត៌មានក្លែងក្លាយ និងទទួលព័ត៌មានតែពីប្រភពផ្លូវការរបស់រដ្ឋាភិបាលប៉ុណ្ណោះ។ ឯកឧត្តមបន្តថា ត្រូវពន្យល់ប្រជាជន ឱ្យប្រើពាក្យពេចន៍សមរម្យថ្លៃថ្នូរសាកសមជាពលរដ្ឋខ្មែរ មិនបំភ្លៃ មិនបំផ្លើស និងជៀសវាងប្រើអំពើហិង្សាលើពលរដ្ឋថៃដែលរស់នៅក្នុងប្រទេសកម្ពុជា ស្របតាមការណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងថា “កម្ពុជាពិតជាចង់រស់នៅដោយសុខសាន្តជាមួយថៃ ជាអ្នកភូមិផងរបងតែមួយ ដូច្នេះហើយទើបកម្ពុជា តែងតែបើកចំហ និងប្រកាន់ខ្ជាប់នូវយន្តការអន្តរជាតិ មធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី ពោលគឺ កម្ពុជា ពិតជាគ្មានអ្វីលាក់បាំងទេ ហើយចង់ឱ្យពិភពលោកឃើញ និងយល់ការពិត”

ការគោរពគ្នា និងគោរពច្បាប់អន្តរជាតិ នឹងនាំសេចក្តីសុខ សេចក្តីចម្រើនសម្រាប់កម្ពុជា និងថៃ ពោលគឺប្រជាជននៃប្រទេសទាំងពីរ អាចជៀសវាងផុតពីការស្លាប់ របួស និងភៀសខ្លួនតទៅទៀត។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ