ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អាជ្ញាធរគួរជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានការផលិតចំណីអាហារឱ្យបានច្រើន និងប្រកបដោយគុណភាព
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់អំពីលទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្តរបស់រដ្ឋបាលឃុំ នៅសាលាឃុំភ្នំក្រាំងដីមាស។ ទន្ទឹមនេះ ឯកឧត្តម បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែល សម្ដេច តែងតែយកចិត្តទុកដាក់ជាមួយបងប្អូននៅតាមមូលដ្ឋានជាប្រចាំ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់សមាជិកក្រុមប្រឹក្សាឃុំ និងអ្នកអញ្ជើញចូលរួម ព្រមទាំងបានផ្តល់ថវិកាដល់រដ្ឋបាលឃុំ ដើម្បីដាំកូនឈើនៅក្នុងបរិវេណសាលាឃុំដែលទើបសាងសង់ថ្មី។

ឆ្លៀតក្នុងឱកាសនេះ  ឯកឧត្តម ក៏បានលើកឡើងថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តសម្បុកត្រីដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដោយសារភាពអំណោយផលនៃភូមិសាស្ត្រខេត្តនេះជាប់នឹងបឹងទន្លេសាប ដូចនេះអាជ្ញាធរគួរជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ពង្រីកការផលិតចំណីអាហារឱ្យបានច្រើន និងមានគុណភាពសម្រាប់ផ្គត់ផ្គង់ ដែលសម្របពេលនេះ ប្រជាជនយើងទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងមកលើផលិតផលក្នុងស្រុក។

ជាចុងក្រោយ ឯកឧត្តម បានផ្ដាំផ្ញើថា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសយើង ប្រកបដោយចីរភាព គឺយើងត្រូវគិតគូរលើកត្តាបីសំខាន់ៗ ទី១ កត្តាសុខភាព គឺយើងត្រូវចេះរបៀបហូប ដើម្បីទទួលបានសុខភាពល្អ (ហូបតិចៗ ប៉ុន្ដែច្រើនមុខ), ទី២ កត្តាសមត្ថភាព គឺប្រជាជនយើងត្រូវមានសមត្ថភាពអាចសិក្សា រៀនសូត្របានខ្ពស់ មានសមត្ថភាពអាចរកការងារបានល្អ ប្រាក់ចំណូលខ្ពស់ ហើយដើម្បីអាចសម្រេចបាននូវកតា្តទាំងនេះ គឺប្រជាពលរដ្ឋយើងត្រូវចេះភាសារអង់គ្លេស ដែលជាភាសាសម្រាប់ការសិក្សាស្រាវជា្រវ ការធ្វើជំនួញ និងប្រាស្រ័យទាក់ទងជាដើម។ ជាក់ស្ដែងថ្មីនេះៗ នៅពេលដែលយើងចង់បង្ហាញពិភពលោកថាប្រទេសថៃ បានឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជាយើង គឺយើងត្រូវប្រើប្រាស់ភាសាអង់គ្លេសជាអាទិភាព។ ហើយទី៣ កត្តាជីវភាព ពេលប្រជាពលរដ្ឋមានជីវភាពធូរធារ នោះសង្គមជាតិក៏មានបានតាមនោះដែរ។

ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ