គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកាជូនប្រជាពលរដ្ឋភៀសសឹក នៅវត្តព្រះពុទ្ធមានជ័យ ( វត្តប៉ាលហាល ) ក្រុងព្រះវិហារ
 
ចែករំលែក ៖

នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥  គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធាន អមដំណើរដោយឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធាន ឯកឧត្ដម ឆាយ វណ្ណា លេខាធិការ ឯកឧត្ដម សាយ បូរិន និងឯកឧត្ដម ង៉ែត ចដ្ដាវី សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចុះទៅទីក្រុងព្រះវិហារ ដើម្បីជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគ មាន៖ (ខ្ទឹមស, ប៊ីចេង, អំបិលអ៉ីយ៉ូត, ប្រេងឆា, សៀងគ្រាប់, ម្រេចម៉ត់, ម្ទេសក្រៀម, ប្រេងខ្យង , មីជាតិ និងថវិកា) ចែកជូនជនភៀសសឹកមកពីតំបន់នានាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចំនួន៤០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព នៅវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ពិធីសំណេះសំណាលនេះ ទទួលបានកិត្តិយសនៃវត្តមានឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ ព្រមទាំងមន្ដ្រីរាជការក្រោមឱវាទ។ នៅក្នុងឱកាសនោះ  ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យ៉ាងកក់ក្តៅបំផុត ជូនចំពោះបងប្អូនរួមជាតិទាំងអស់ រួមទាំងជនភៀសសឹក និងវីរយុទ្ធជន ដែលកំពុងបូជាអាយុជីវិត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាតទល់នឹងការឈ្លានពានរបស់កងទ័ពថៃ។
ឆ្លៀតក្នុងឱកាសនេះ  ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការ បានកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ និងដឹកនាំការងាររៀបចំបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពជូនជនភៀសសឹកមកពីតំបន់នានាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាច្រើនម៉ឺននាក់ បានយ៉ាងល្អ គ្រប់ជ្រុងជ្រោយ និងមានសុវត្ថិភាព។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការអញ្ជើញចុះសួរសុខទុក្ខនាឱកាសនេះ គឺក្នុងស្មារតីចូលរួមគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងធំក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងព្រះរាជាណាច្រកកម្ពុជា និងថៃឡង់ន៍ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។
ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការ បានមានប្រសាសន៍ថា ស្ថាប័នព្រឹទ្ធសភា-រដ្ឋសភា និងរាជរដ្ឋាភិបាលតែងធ្វើការស្អិតរមួតជាមួយគ្នា ហើយផ្សារខ្លួនជាមួយប្រជាជន យើងទាំងអស់។
ឯកឧត្ដមបណ្ឌិត និងគណៈកម្មការទី៥ទាំងមូល ក៏បានចូលថ្វាយបង្គំព្រះចៅអធិការវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល ហើយបានប្រគេនបច្ច័យបួនគាប់ជួនថ្ងៃនេះជាថ្ងៃសីលពេញបូណ៌មី ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ