ព្រឹទ្ធសភា រៀបចំសិក្ខាសាលាស្តីពី ការសិក្សាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលអ្នកចូលរួម ១២០រូប រួមមានសមាជិកព្រឹទ្ធសភា តំណាងគណៈកម្មការទាំង១០នៃរដ្ឋសភា តំណាងគណបក្សនយោបាយ តំណាងគណៈកម្មការជាតិរៀបចំការបោះឆ្នោត តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងយុត្តិធម៌ តំណាងសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងតំណាងក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការពិសេស ដើម្បីសិក្សារៀបចំ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អមដោយឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការពិសេស បានធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ ដោយចែកជា ៤ផ្នែកសំខាន់ៗ រួមមាន ១)ប្រវត្តិនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ២)ប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភានៅជប៉ុន ម៉ាឡេស៊ី ហ្វ៊ីលីពីន ថៃ ឥណ្ឌូនេស៊ី ៣)ប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភានៅបារាំង អង់គ្លេស អាម៉េរិក កាណាដា និងអូស្ត្រាលី និង ៤)សេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

អង្គសិក្ខាសាលា បានលើកជាសំណួរ និងមតិចូលរួមជាច្រើន ដើម្បីផ្លាស់ប្តូរយោបល់ បទពិសោធ និងព័ត៌មានជុំវិញសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ អង្គសិក្ខាសាលា បានបង្ហាញពីការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវ របស់គណៈកម្មការពិសេស រហូតរៀបចំបាននូវសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី១ នៃនីតិកាលទី៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពីអាទិភាពចំនួន២ ទី១ គឺការពង្រឹងគណនេយ្យភាពជាមួយអង្គបោះឆ្នោត ដែលសំដៅឱ្យសមាជិកព្រឹទ្ធសភាត្រូវចុះជាប់ជាប្រចាំនៅមូលដ្ឋាន និងទី២ គឺពង្រឹងវិស័យការទូតសភា។ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងគណនេយ្យភាព និងការទទួលខុសត្រូវរបស់សមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលនេះនឹងជួយលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ព្រឹទ្ធសភា។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ