ឯកឧត្តម ម៉ម ប៊ុននាង និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នាំយកឱសថជូនមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ
 
ចែករំលែក ៖

ឱសថចំនួន៩មុខ ស្មើនឹង១៦០កេសធំ ៥១៥ប្រអប់តូច និងឃីតចំនួន៣០កញ្ចប់ ដែលជាជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ត្រូវបានឯកឧត្តម ម៉ម ប៊ុននាងប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញនាំយកទៅប្រគល់ជូនដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

បន្ទាប់ពីលោកប្រធានមន្ទីរពេទ្យ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ឡើងរាយការណ៍ជូនអង្គពិធីរួចមក ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទាំងអស់នៃខេត្តត្បូងឃ្មុំ និងបានគូសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងគណៈកម្មការទី១០ព្រឹទ្ធសភា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បាននាំមកនូវអំណោយមនុស្សធម៌យ៉ាងច្រើនរបស់ប្រជាជនកូរ៉េ តាមរយៈមូលនិធិចែករំលែកសង្គ្រោះជីវិតសកលកូរ៉េ ជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម ម៉ម ប៊ុននាង បានជម្រាបជូនអង្គពិធីអំពីសភាពការណ៍ថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសភាពអង់អាចក្លាហានរបស់វីរកងទ័ពយើង និងការរួមចំណែកដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាព ទឹកដី និងដែនអធិបតេយ្យជាតិ ពីការឈ្លានពានរបស់កងទ័ពថៃ។
ឯកឧត្តមប្រធានបានលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់គ្នា បន្តរួមគ្នាធ្វើពលីកម្ម រែកពុន ប្រឹងប្រែង តស៊ូ និងជម្នះរាល់ឧបសគ្គ ដើម្បីប្រែក្លាយទុក្ខលំបាកអស់ទាំងនេះ ជាកម្លាំងសាមគ្គី ឯកភាពជាតិដ៏រឹងមាំ និងជឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ-ធិបតី ក្នុងការចាត់វិធានការណ៍រការពារទឹកដីមាតុភូមិនេះមិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីនិរន្តរភាពសន្តិភាពសម្រាប់ប្រជាជនទាំងពីរកម្ពុជា និងថៃ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ