ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ សំណេះសំណាលជាមួយអាជ្ញាធរស្រុកឈូក ខេត្តកំពត
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត ខេត្តតាកែវ និងខេត្តកែប) ដឹកនាំដោយឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ស្រុកឈូក ខេត្តកំពត សរុបចំនួន១៣៦នាក់ នៅសាលាស្រុកឈូក នាព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងនៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រកបដោយក្តីនឹករលឹកបំផុត។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានស្តីទី ក៏បានធ្វើការផ្សព្វផ្សាយអំពីលទ្ធផលនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ជូនដល់អង្គពិធី ព្រមទាំងបានជម្រាបជូននូវសភាពការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលស្ថិតនៅក្នុងភាពស្រួចស្រាល ដោយសារកងកម្លាំងយោធាថៃ មិនគោរពបទឈប់បាញ់ឱ្យបានពេញលេញ តែងតែបង្កអរិភាពមកលើទឹកដីកម្ពុជាឥតឈប់ឈរ។

គោលបំណងនៃជំនួបពិភាក្សានេះ គឺផ្តោតលើបញ្ហាប្រឈម តម្រូវការ និងសំណូមពរនានារបស់មូលដ្ឋាន ក្នុងការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងស្រុករបស់យើងឱ្យកាន់តែមានភាពប្រសើរឡើង។ ជាពិសេសការចុះសួរសុខទុក្ខចំពោះក្រុមគ្រួសារយុទ្ធជនពលី ពិការ ជនភៀសសឹក និងពលករចំណូលស្រុក ដើម្បីប្រមូលព័ត៌មានពីបញ្ហាប្រឈមនិងសំណូមពរ ក្នុងការប្រកបមុខរបរប្រចាំថ្ងៃ រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តរបស់យើងឱ្យកាន់តែមានភាពប្រសើរឡើង…៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ