ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋនៅស្រុកកោះសូទិន ខេត្តកំពង់ចាម
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋចំនួន២១៦នាក់ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងពរជ័យរបស់សម្តេចតេជោប្រមុខរដ្ឋស្ដីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកោះសូទិន ព្រមទាំងបានជម្រាបអំពីប្រវត្តិ និងសភាពការណ៍វិវត្តថ្មីៗ នៃការឈ្លានពានយ៉ាងគឃ្លើនរបស់ប្រទេសថៃ មកលើទឹកដីកម្ពុជា ដែលមានតាំងពីយូរណាស់មកហើយរហូតមកដល់បច្ចុប្បន្ននេះ។  ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូចមិនចង់មានសង្រ្គាមជាមួយប្រទេសជិតខាងទេ ហើយប្រជាជនកម្ពុជាចង់បានសន្តិភាព ដោយប្រទេសកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។
ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន ឯកឧត្តមប្រធានក្រុម ភូមិភាគទី២ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈទាំងអស់ បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពជាតិ រួមគ្នាជាធ្លុងមួយជុំវិញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខវាយបំបាក់ការឈ្លានពានលើបូរណភាពដែនដីកម្ពុជា ពីសំណាក់ប្រទេសថៃ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាច ក្លាហានរបស់វីរយុទ្ធជនយើង ដែលបាននិងកំពុងលះបង់កម្លាំងកាយ ចិត្ត បូជាអាយុជីវិត តស៊ូ អត់ធ្មត់ ក្រាញននៀល ក្នុងការការពារជាតិមាតុភូមិកម្ពុជា។ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមជនជ្រុលនិយមមួយក្តាប់តូច ដែលតែងតែបកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិត បំបាក់ស្មារតីកងទ័ព គប់គិតជាមួយបរទេស និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ