អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងកំណត់ទិសដៅការងារខែតុលា ឆ្នាំ២០២៥
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែកញ្ញា និងកំណត់ទិសដៅការងារខែតុលា ឆាំ២០២៥ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់អំពី ការប្រកាសថ្កោលទោសរបស់ព្រឹទ្ធសភា ចំពោះការប្រមាថមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះ បានធ្វើឱ្យប៉ះពាល់ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព នៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខ ចំពោះមរណភាពម្តាយបង្កើតរបស់ភរិយាឯកឧត្តមអគ្គលេខាធិការ កាលពីសប្តាហ៍មុននេះ។
បន្ថែមពីលើលទ្ធផល និងទិសដៅការងារ ដែលបានចាក់បញ្ចាំងក្នុងវីដេអូបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អង្គភាពពាក់ព័ន្ធ តាមដានសេចក្តីព្រាងច្បាប់មួយចំនួន ដែលរដ្ឋសភានឹងបញ្ជូនមកនាពេលខាងមុខ និងត្រៀមរៀបចំរបាយការណ៍ចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។ ជាមួយគ្នានោះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បាននិងកំពុងត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសស្វីស ព្រមទាំងត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅក្រៅប្រទេសនៅចុងឆ្នាំ២០២៥នេះ។
ចំពោះមុខងារអភិវឌ្ឍន៍ស្ថាប័ន ឯកឧត្តមអគ្គលេខាធិការ បានជម្រាបអំពីការត្រៀមបើកការដ្ឋានសាងសង់ប្រព័ន្ធរំដោះទឹកក្នុងបរិវេណព្រឹទ្ធសភា ដែលជាជំនួយគាំទ្រពីសាលារាជធានីភ្នំពេញ នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។ ទន្ទឺមនឹងនេះ ឯកឧត្តមក៏បានជម្រាបអំពីការប្រសិទ្ធនាមឈ្មោះ អគារថ្មីនៃព្រឹទ្ធសភា និងសាល បន្ទប់ធំៗក្នុងអគារ ដែលទទួលបានការសម្រេចពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា។ ជាមួយគ្នានោះ ក្រុមការងារសិក្សាស្រាវជ្រាវ ចងក្រងអគារដែលជាកេរ្តិ៍មរតករបស់ព្រឹទ្ធសភា បាននិងកំពុងខិតខំចងក្រងរៀបចំសៀវភៅអគារព្រឹទ្ធសភា ដែលជាមរតករបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ បន្តមកសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងស្ថាបត្យកម្មថ្មីរបស់ព្រឹទ្ធសភានីតិកាលទី៥ ដែលជាស្នាដៃរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្រាប់ទុកជាឯកសារប្រវត្តិសាស្ត្រ និងសម្រាប់ចែកជូនភ្ញៀវជាតិ និងអន្តរជាតិ ជាវត្ថុអនុស្សាវរីយ៍ នាឱកាសពិធីសម្ពោធជាផ្លូវការនូវអគារថ្មីនាពេលខាងមុខ។ បន្ថែមពីនេះ អគ្គលេខាធិការដ្ឋាននឹងរៀបចំសិក្ខាសាលាស្តីពី AI and Digital Governance នៅចុងឆ្នាំនេះផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ