សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបុណ្យរំលឹកខួប១ឆ្នាំ នៃមរណភាពរបស់ឯកឧត្តម ជា ចាន់តូ
 
ចែករំលែក ៖

នៅរសៀលថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យរំលឹកខួបមួយឆ្នាំនៃមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពកាលពី ថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

ចំពោះការបាត់បង់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ គឺជាបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប មិនចេះរីងស្ងួតចំពោះក្រុមគ្រួសារ ដែលតែងតែផ្ដល់នូវដំបូន្មាន អប់រំ ប្រៀនប្រដៅ បុត្រធីតា ចៅៗរហូតបានក្លាយជា ធនធានដ៏មានតម្លៃរបស់សង្គមជាតិ ម្យ៉ាងវិញទៀត ឯកឧត្តមបណ្ឌិត ជា ចាន់តូ ក៏ជាការបាត់បង់នូវឥស្សរជន ជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលពេញមួយជីវិតរបស់ ឯកឧត្តមបណ្ឌិត បានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកយ៉ាងសកម្មដល់កសាងនិងអភិវឌ្ឍប្រទេសជាតិឡើងវិញ ជាពិសេស ដល់ការ គ្រប់គ្រង ការកែទម្រង់ និងលើកកម្ពស់វិស័យផែនការ ជាអាទិ៍ ផែនការសេដ្ឋកិច្ចសង្គមដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញការវិនិយោគនៅកម្ពុជា ព្រមទាំងលើកកម្ពស់វិស័យធនាគារ តាមរយៈការធ្វើទំនើបកម្ម និងរក្សា បាននូវស្ថិរភាពប្រព័ន្ធធនាគារ និងរូបិយវត្ថុរហូតដល់សព្វថ្ងៃ។

សម្ដេចតេជោ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ Telegram Channel សម្តេចតេជោ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ