គណៈកម្មការទី៨ និងក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ នាំយកព្រះរាជអំណោយ និងអំណោយ ជូនវីរកងទ័ពជួរមុខ នៅកងពលតូចអន្តរាគមន៍លេខ៩ប្រចាំទិសមុំបី ខេត្តព្រះវិហារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាប្រធានក្រុមដោយមានការយាងអញ្ជើញចូលរួមពី សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយ អំណោយថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនជូនវីរកងទ័ពជួរមុខ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ប្រចំាទិសមុំបី ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកជំទាវប្រធានគណៈប្រតិភូ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់វីរយុទ្ធជនដែលបាននិងកំពុងឈរជើងយ៉ាងរឹងមាំ តស៊ូក្រាញននៀល ការពារទឹកដីមាតុភូមិកម្ពុជា និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារអំពើឈ្លានពានរបស់កងទ័ពថៃ។
លោកជំទាវបានបញ្ជាក់ថា នេះគឺជាលើកទី២ និងជាការឆ្លើយតបចំពោះសំណូមពររបស់វីរកងទ័ព និងចូលរួមអបអរសាទរខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរនៃការចុះសេចក្តីថ្លែងការណ៍រួមសន្តិភាពរវាងកម្ពុជា-ថៃ ក្រោមសក្ខីភាព ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាកិច្ចព្រមព្រៀងសន្តិភាពលើកដំបូងជាប្រវត្តិសាស្រ្តសម្រាប់ជម្លោះព្រំដែនកម្ពុជា-ថៃ ដូចនេះ គណៈប្រតិភូបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវព្រះរាជអំណោយ អំណោយ ថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួនជូនវីរកងទ័ពជួរមុខ ឆ្លុះបង្ហាញឱ្យពីសាមគ្គីជាធ្លុងមួយ ខ្មែរស្រឡាញ់ខ្មែរ និងក្នុងស្មារតី ខ្មែរជួយខ្មែរ។
លោកជំទាវបានជម្រាបជូនអំពីមូលហេតុ និងសភាពការណ៍វិវត្តថ្មីៗនៅតាមបណ្តោយព្រំប្រទល់កម្ពុជា-ថៃ ជាពិសេសសកម្មភាពមួយចំនួនពាក់ព័ន្ធនឹងការចុះសេចក្តីថ្លែងការណ៍រួមសន្តិភាពរវាងកម្ពុជា-ថៃ។ ជាមួយគ្នានេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតចំពោះជាតិ ដែលជាការបង្កើតក្របខ័ណ្ឌនយោបាយរួមមួយដើម្បីដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ ដោយប្រើមធ្យោបាយសន្តិវិធី និងដោយធានាបាននូវការគោរពអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងជាធរមាន។
លោកជំទាវបានបញ្ជាក់ថា ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបទុក្ខលំបាក គឺជាទុក្ខ លំបាករបស់ ព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងធ្វើឱ្យអន្តរជាតិគេទទួលស្គាល់ប្រទេសកម្ពុជា សំដៅធានាបាននូវសន្តិភាពប្រកបដោយចីរភាពជូនប្រជាជនទាំងពីរគឺកម្ពុជា និងថៃ។
បន្ថែមពីនេះ លោកជំទាវបានវាយតម្លៃខ្ពស់ និងសម្តែងនូវគារវកិច្ចគោរពចំពោះវីរភាពអង់អាចក្លាហាន មោះមុតរបស់វីរយុទ្ធជនដែលបាននិងកំពុងលះបង់កម្លាំងកាយចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។ ដោយឡែក សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅសមរភូមិក្រោយនៅតែបន្តគាំទ្រ និងផ្សារភ្ជាប់ជាមួយនឹងវីរយុទ្ធជននៅតាមសមរភូមិមុខ ក៏ដូចជាប្រជាជន នៅទូទាំងប្រទេស និងប្តេជ្ញាដាច់ខាតការពារបូរណភាពដែនដី និងអធិបតេយ្យភាពនៃកម្ពុជា។
ព្រះរាជអំណោយ អំណោយថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ជូនវីរកងទ័ព ជួរមុខនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ នាឱកាសនោះ គឺជាព្រះរាជទានដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី គណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមសមាជិកាព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី និងលោកជំទាវ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា។ បន្ថែមពីនេះ គណៈប្រតិភូក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់កងវីរសេនាតូច៣៩១, ៣៩២, ៣៩៣, ៣៩៤ និងកងវីរសេនាតូច ៣៩៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ