សាស្រ្តាចារ្យ ព្រះសង្ឃ សិក្ខាកាមកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល និមន្តនិងអញ្ជើញមកទស្សនកិច្ចសិក្សានៅវិមានព្រឹទ្ធសភា
 
ចែករំលែក ៖

នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញធ្វើបទបង្ហាញអំពីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងចែករំលែកនូវបទពិសោធន៍មួយចំនួន ជូនសាស្រ្តាចារ្យ ព្រះសង្ឃ និងសិក្ខាកាមកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់វិន័យ ឆ្នាំ២០២៥ របស់សាលាភូមិន្ទរដ្ឋបាលចំនួន៦៨នាក់ ដែលបាននិមន្ត និងអញ្ជើញមកទស្សនកិច្ចសិក្សា នៅវិមានព្រឹទ្ធសភា ។

ឯកឧត្តម ប៉ុល លឹម បានជម្រាបជូនសិក្ខាកាមកម្មសិក្សាការីអំពី ប្រវត្តិរបស់ព្រឹទ្ធសភា តាមសម័យកាលនីមួយៗ ចាប់តាំងពីឆ្នាំ១៩០៤ រហូតដល់សម័យបច្ចុប្បន្ននេះ។ បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបអំពីការរៀបចំនិងដំណើរការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភានីតិកាលទី៥ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា។ ក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ព្រឹទ្ធសភាមានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងគណៈកម្មការជំនាញចំនួន១០ ព្រមទាំងក្រុមយន្តការនានារបស់ព្រឹទ្ធសភា។
ឯកឧត្តមបានគូសបញ្ជាក់អំពី មុខងារស្នូលទាំងបីរបស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ព្រមទាំងមុខងារគាំទ្ររបស់ព្រឹទ្ធសភាចំនួនពីរទៀត គឺមុខងារសហប្រតិបត្តិការអន្តរជាតិ និងមុខងារអភិវឌ្ឍន៍ស្ថាប័ន។ ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ ព្រឹទ្ធសភានីតិកាលទី៥ បានដាក់ចេញនូវការងារអាទិភាពចម្បងចំនួន២ គឺ ការងារការទូតសភា និងការបង្កើនការប្រាស្រ័យទាក់ទងជាមួយម្ចាស់ឆ្នោត និងប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាងនេះទៅទៀត ឯកឧត្តមបានលើកឡើងអំពី ការបង្កើតអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលជាសេនាធិការឱ្យព្រឹទ្ធសភាទទួលបន្ទុករ៉ាប់រងរាល់កិច្ចការរដ្ឋបាល សន្ដិសុខ និងសេវាទាំងឡាយរបស់ព្រឹទ្ធសភា ព្រមទាំងទំនាក់ទំនងផ្សេងៗក្រៅព្រឹទ្ធសភា ក្រោមការដឹកនាំ និងត្រួតពិនិត្យរបស់ប្រធានព្រឹទ្ធសភា ។

បន្ទាប់ពីបានស្តាប់បទបង្ហាញរួចមក សាស្រ្តាចារ្យ ព្រះសង្ឃ និងសិក្ខាកាមកម្មសិក្សា បានអញ្ជើញទស្សនាសាលប្រជុំព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានា នៅក្នុងបរិវេណព្រឹទ្ធសភា៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ