ឯកឧត្តម ឡាយ សំកុល អញ្ជើញសំណេះសំណាលជាមួយនិវត្តជន និងមន្រ្តីរាជការវ័យចំណាស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន និងមន្រ្តីរាជការវ័យចំណាស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលភក្តីវិក្រម១ នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និវត្តជន និងមន្ត្រីរាជការវ័យចំណាស់សរុបចំនួន១៨៧នាក់។
ពិធីនេះប្រព្រឹត្តទៅស្របតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជាលេខ១៦ សរ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ និងគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់ នៃព្រះរាជាណាចក្រកម្ពុជា (២០១៧-២០៣០) ដែលបានដាក់ចេញឱ្យក្រសួង ស្ថាប័ន រៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៧ ១ តុលា ២០២៥ ក្រោមប្រធានបទ «វ័យចាស់ដោយសេចក្ដីថ្លៃថ្នូរ»។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកបំផុតពីសម្ដេចតេជោ ប្រធានព្រឹទ្ធសភា  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្ដមអនុប្រធានទី១ និងឯកឧត្ដមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះនិវត្ដជន មន្រ្តីរាជការទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។
ឯកឧត្តមអគ្គលេខាធិការ បានជម្រាបអំពីការយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចធិបតី ដោយផ្តោតជាសំខាន់លើការងារមនុស្សចាស់ ដែលជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានា។ ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក៏បានកសាងលិខិតបទដ្ឋានគតិយុត្តជាច្រើនរួមមាន សេចក្តីសម្រេចការបង្កើតបេឡាសោធននិវត្តន៍ និងសោធនបាត់បង់សម្បទាវិជ្ជាជីវៈ, មូលនិធិសង្គមកិច្ច, សមាគមសង្គហៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ និងសេចក្តីសេម្រចស្តីពីការបន្ថែមប្រាក់សោធននិវត្តន៍ និងសោធនបាត់បង់សម្បទាវិជ្ជាជីវៈជាបន្តបន្ទាប់ រួមទាំងយន្តការនានាផងដែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា ចាប់ពីនីតិកាលមុនៗ ដែលតែតែយកចិត្តទុកដាក់អស់ពីកម្លាំងកាយ ទាំងស្មារតីក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភាឱ្យមានភាពរីកមច្រើនស្មើមុខស្មើមាត់នៅលើពិភពលោក។
បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់អំពីសមិទ្ធផលធំៗជាច្រើន ក្រោមការដឹកនាំប្រកបដោយថាមវ័នរបស់រាជរដ្ឋាភិបាល ដែលសម្រេចបាននូវការកើនឡើងនៃកំណើនសេដ្ឋកិច្ច, ការសម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ, ស្ពានអាកាសមរតកតេជោ (ក្បាលថ្នល់), កំពង់ផែសមុទ្ររាម និងសមិទ្ធផលជាច្រើនទៀត ដែលកំពុងកសាងនិងអភិវឌ្ឍ ដូចជា ព្រែកជីកហ្វូណនតេជោ និងស្ពានឆ្លងកាត់ទន្លេ ហើយជាពិសេសបំផុតនោះ គឺការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយ ដើម្បីធានានូវសុខសន្តិភាព ស្ថិរភាពយូអង្វែងរបស់ប្រទេសជាតិ ដែលជាការលះបង់ និងគិតគូរខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ ទន្តឺមនឹងនោះ ឯកឧត្តមក៏បានជម្រាបអំពីសមិទ្ធផល ស្នាដៃជាច្រើនរបស់ព្រឹទ្ធសភា ក្នុងឆ្នាំ២០២៥ និងការរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា។
ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបអំពីសភាពការណ៍ថ្មីៗនៅតាមបណ្តោយព្រំប្រទល់កម្ពុជា-ថៃ ជាពិសេសការលះបង់កម្លាំងកាយ ចិត្ត បូជាសាច់ស្រស់ ឈាមស្រស់របស់វីរយុទ្ធជនយើង និងចូលរួមគោរពវិញ្ញាណក្ខន្ធដល់វីរយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ពីការឈ្លានពានរបស់ប្រទេសថៃ ព្រមទាំងការលះបង់ដោយមិនខ្លាចនឿយហត់របស់សម្តេចតេជោ ក្នុងការចូលរួមប្រឹក្សាយោបល់ ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ប្រកបដោយភាពអត់ធ្មត់ខ្ពស់ រហូតឈានដល់ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម រវាងសម្តេចធិបតី និងនាយករដ្ឋមន្រ្តីថៃ ក្រោមសក្ខីភាពរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់ថា ជាមួយនឹងសមិទ្ធផលដែលព្រឹទ្ធសភាសម្រេចបាននាពេលកន្លងទៅ និងក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានីតិកាលទី៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានឹងបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ការកសាងអភិវឌ្ឍ និងបន្តផ្តល់សេវាដល់មុខងាររបស់ព្រឹទ្ធសភា។ ឯកឧត្តមបានថ្លែងអំណរគុណដល់និវត្តជន និងមន្រ្តីរាជការវ័យចាស់ ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មបំពេញការងារលើគ្រប់វិស័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងអស់ពីកម្លាំងកាយចិត្ត ក្នុងបុព្វហេតុជាតិមាតុភូមិ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ