ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងកំណត់ទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥
 
ចែករំលែក ៖

នារសៀលថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែតុលា និងកំណត់ទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។
មុនចាប់ផ្តើមអង្គប្រជុំ ក្នុងនាមមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក យឿង យ៉ា អនុប្រធានការិយាល័យ នៃជំនួយការអគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងកុមារា យិន ធនិន ត្រូវជាកូនប្រុសបង្កើត ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីៗនេះ។
មានប្រសាសន៍បន្ថែមពីលើលទ្ធផលនិងទិសដៅការងារ ដែលបានចាក់បញ្ចាំងក្នុងវីដេអូបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនអង្គប្រជុំថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានត្រៀមអ្នកបកប្រែភាសាបារាំង និងភាសាអង់គ្លេសជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងស្ថាប័ន។ ចំពោះមុខងារនីតិកម្ម ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អង្គភាពពាក់ព័ន្ធ ត្រៀមផ្តល់សេវាចំពោះការរៀបចំកិច្ចប្រជុំនានារបស់ព្រឹទ្ធសភា ដើម្បីពិនិត្យហើយឱ្យយោបល់សេចក្តីព្រាងច្បាប់មួយចំនួន ដែលរដ្ឋសភានឹងបញ្ជូនមកនាពេលខាងមុខ។ ដោយឡែកចំពោះការរៀបចំរបាយការណ៍ចន្លោះសម័យប្រជុំនាពេលខាងមុខ សូមក្រុមការងាររៀបចំឱ្យបានខ្លីជាងនេះ។ សម្រាប់កិច្ចការសហប្រតិបត្តិការអន្តរជាតិ អគ្គលេខាធិការដ្ឋានបាននិងកំពុងរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសឡាវ នៅខែធ្នូ ឆ្នាំ២០២៥នេះ។
ចំពោះការងារអភិវឌ្ឍន៍ស្ថាប័ន ឯកឧត្តមអគ្គលេខាធិការ បានជម្រាបថា ឯកឧត្តមគ្រោងនឹងអញ្ជើញទៅចូលរួមវេទិកាកិច្ចសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសចិន និងមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន នៃសាធារណរដ្ឋប្រជាមានិតចិន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំដល់អង្គភាពពាក់ព័ន្ធត្រៀមរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់អគ្គលេខាធិការរងព្រឹទ្ធសភាថ្មី នាពេលខាងមុខនេះ។
ជាទីបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាជូនស្ថាប័ន ដោយទទួលបានលទ្ធផលសំខាន់ៗជាច្រើន ដែលជាផលប្រយោជន៍សម្រាប់ស្ថាប័នព្រឹទ្ធសភា និងប្រជាជាតិ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ