ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ថ្កោលទោសពេញទំហឹង ចំពោះទាហានឈុតខ្មៅថៃ ដែលបានប្រើអំពើហិង្សាលើពលករកម្ពុជា និងចាប់រំលោភបូកលើពលការិនីម្នាក់
 
ចែករំលែក ៖

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់កោះដាច់ នៅសាលាសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានថ្កោលទោសពេញទំហឹង ចំពោះទាហានឈុតខ្មៅថៃ ដែលបានប្រើអំពើហិង្សា និងចាប់រំលោភបូកលើពលការិនីចំណាកស្រុកកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពេលដែលនារីរងគ្រោះ និងពលករផ្សេងទៀតកំពុងធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមបណ្ឌិត ក៏បានស្នើឱ្យសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ជឿជាក់លើការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ តាមយុទ្ធសាស្ត្រ «ស្ងាត់ តែមិននៅស្ងៀម»។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានជំរុញលើកទឹកចិត្តឱ្យអាជ្ញាធរកោះដាច់រៀបចំមូលដ្ឋានរបស់ខ្លួនក្លាយទៅជាតំបន់ទេសចរណ៍ ដោយឱ្យសិស្សខិតខំរៀនសូត្រភាសាអង់គ្លេស (បន្ថែមលើភាសាខ្មែរ) រៀបចំភូមិស្ថានឱ្យបានស្អាត ចំណីអាហារប្រកបដោយអនាម័យ និងបង្កើនផលិតផលឱ្យបានច្រើនប្រកបដោយគុណភាព ជាពិសេស ហូល ផាមួង ជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួនដល់សមាជិកក្រុមប្រឹក្សាសង្កាត់ផងដែរ និងបានជំរុញលើកទឹកចិត្តឱ្យពួកគាត់ខិតខំធ្វើការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីជួយអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាសង្គមជាតិទាំងមូល។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ