ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសបារាំង ចុះពិនិត្យព្យាបាលជំងឺទូទៅដោយមិនយកកម្រៃជូនប្រជាពលរដ្ឋស្រុករមាសហែក ខេត្តស្វាយរៀង
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តស្វាយរៀង និងខេត្តព្រៃវែង) ដឹកនាំដោយឯកឧត្តម គឹម ធា សមាជិកក្រុម តំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា(AMH) របស់ប្រទេសបារាំង ចុះពិនិត្យព្យាបាលជំងឺទូទៅដោយមិនយកកម្រៃជូនប្រជាពលរដ្ឋឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្តមសមាជិកក្រុមភូមិភាគទី៦ បានមានប្រសាន៍នាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភាប្រកបដោយក្តីនឹករលឹក និងតែងតែគិតគួរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង។

ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានយកចិត្តទុកដាក់ពិនិត្យសុខភាពជូនបងប្អូនប្រជាពលរដ្ឋ នៅស្រុករមាសហែក និង បានបញ្ជាក់ថា ការចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋស្រុករមាសហែកនាពេលនេះជាលើកទី១ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ពោលគឺការព្យាបាលសំដៅចូលរួមបង្កើនភាពសុខដុមរមនាក្នុងសហគមន៍តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយមិនយកកម្រៃ ពីព្រោះថាការថែទាំសុខភាព គឺជារឿងសំខាន់សម្រាប់ជីវិតយើងទាំងអស់គ្នាមិនថា មនុស្សចាស់ ឬក្មេងៗឡើង។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គលក្នុងក្រុមគ្រួសារ និងសង្គមជាតិ…។
សូមជម្រាបថា ការពិនិត្យព្យាបាលជំងឺនេះ ប្រព្រឹត្តទៅនៅមណ្ឌលសុខភាពអង្គប្រស្រែ ដែលស្ថិតនៅឃុំអង្គប្រស្រែ ស្រុករមាសហែកខេត្តស្វាយរៀង មានរយៈពេល២ថ្ងៃ ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ