គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាល និងនាំយកចង្ក្រានសន្សំសំចៃថាមពលចែកជូនប្រជាពលរដ្ឋ ក្នុងស្រុកប្រាសាទសំបូរ
 
ចែករំលែក ៖

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាអនុប្រធានគណៈកម្មាធិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាល និងនាំយកចង្ក្រានសន្សំសំចៃថាមពល និងសារុង ក្រម៉ា ចែកជូនប្រជាពលរដ្ឋចំនួន ៣៤០គ្រួសារ ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃអាទិត្យ ៣កើត ខែមិគសិរ ឆ្នាំម្សាញ់ ពុទ្ធស័ករាជ២៥៦៩ ត្រូវនឹងថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ក្នុងពិធីនោះ លោកជំទាវប្រធានគណៈប្រតិភូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ព្រមទាំងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃស្រុកប្រាសាទសំបូរ ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។

លោកជំទាវបានបន្តថា ទោះបីមានសភាពការណ៍ព្រំដែនកម្ពុជា ថៃ កំពុងជួបបញ្ហាប្រឈមុខដាក់គ្នាក៏ដោយ ក៏ប្រទេសជាតិយើងនៅទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងជីវភាពនៃការរស់នៅតែល្អប្រសើរ។ ទន្ទឹមនោះ សូមឱ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់ទៅលើរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំចាត់ចែងការងារគ្រប់យ៉ាង ដើម្បីថែរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដីឱ្យបានគង់វង្ស ដោយសន្តិវិធី នៅក្នុងក្របខណ្ឌច្បាប់អន្តរជាតិ និងស្មារតីពហុភាគីនិយម។ លោកជំទាវ បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស រួមគ្នាជាធ្លុងមួយសម្តែងឆន្ទៈ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងការពារសេចក្តីថ្លៃថ្នូររបស់ខ្មែរ ដែលនេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលគ្មានអ្នកណាមកបំបែក និងមកជាន់ពន្លិចបានឡើយ។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឱកាសនោះ ក្នុង១គ្រួសារទទួលបាន ៖ អាហារ១កញ្ចប់ ចង្ក្រានសន្សំសំចៃថាមពល១ និងសារុង១ ព្រមទាំងឧបត្ថម្ភដល់អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ស្រុកប្រាសាទសំបូរនូវថវិកាមួយចំនួនផងដែរ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ