គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១១:០០ នាទី នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការនានារបស់ព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធ និងការចៀសវាងពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ។
៣.ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធពាក់ ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា កម្ពុជា-ឡាវ និងកម្ពុជា-ហ្វីលីពីន ត្រូវបានចរចាដោយឈរលើមូលដ្ឋាន ដែលកម្ពុជាមានក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានិងផ្តល់សច្ចាប័នរួចទាំង១១នេះ និងបានឆ្លុះបញ្ចាំងអំពីគោលការណ៍សំខាន់ៗនៃគោលនយោបាយពន្ធដារ អន្តរជាតិ និងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដាររបស់កម្ពុជា ក៏ដូចជាតាមលំនាំគំរូអង្គការសហប្រជាជាតិ ដែលមានលក្ខណៈអំណោយផល ដល់ប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាជាដើម។

ចំពោះពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួត គ្នារវាងកម្ពុជានិងសិង្ហបុរី កម្ពុជាក៏បានបញ្ចប់ការចរចានិងចុះហត្ថលេខាលើពិធីសារទី២នេះ ដែលមានគោលបំណងកែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងដែលមានស្រាប់ អាចឆ្លើយតបទៅនឹងការវិវត្តថ្មីៗ នៅក្នុងបរិបទពន្ធដារអន្តរជាតិ ដូចជាបានកែសម្រួលចំណងជើងនិងបុព្វកថារបស់កិច្ចព្រម ព្រៀង និងបន្ថែមមាត្រាស្តីពីសិទ្ធិទទួលផលប្រយោជន៍ ដូចមានក្នុងគំរូកិច្ចព្រមព្រៀងស្តីពីការចៀសវាង ការយកពន្ធត្រួតគ្នារបស់កម្ពុជាបច្ចុប្បន្ន ដែលបានរៀបរាប់ខាងលើនេះ។ ការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងតាមរយៈពិធីសារទី២នេះ ក៏ដើម្បីឱ្យមានសង្គតិភាពជាមួយស្តង់ដាអប្បបរមានៃក្របខ័ណ្ឌ បរិយាបន្នរបស់អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងប្រទេសដែលមានសេដ្ឋកិច្ចធំ២០ (G20) សម្រាប់ប្រឈមនឹងការបន្ថយមូលដ្ឋានគិតពន្ធនិងការបង្វែរប្រាក់ចំណេញផងដែរ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ