ឯកឧត្តម និន សុទ្ធីវង្ស ទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពសមរភូមិមុខ នៅខេត្តឧត្តរមានជ័យ
 
ចែករំលែក ៖

នាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម និន សុទ្ធីវង្ស ទីប្រឹក្សា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា សមាជិក និងសមាជិកាខុទ្ទកាល័យ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ប្រធានស្តីទីព្រឹទ្ធសភា និងសប្បុរសជន ដែលមានជា​ទឹកបរិសុទ្ធចំនួន៩០០កេស (១លីត្រកន្លះ/១ដប) និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងទៀត ជូនវីរយុទ្ធជនការពារប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នា ក្នុងបរិវេណទីស្នាក់ការកងពលតូចថ្មើជើងលេខ៤២ និងកងអនុសេនាធំទី១ ដែលស្ថិតនៅស្រុកសំរោង ខេត្តឧត្តរមានជ័យ។
នៅក្នុងឱកាសនោះ ឯកឧត្តម និន សុទ្ធីវង្ស បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់វីរយុទ្ធជនដែលបាននិងកំពុងឈរជើងយ៉ាងរឹងមាំ តស៊ូ ការពារទឹកដីមាតុភូមិកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមទីប្រឹក្សា ក៏បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹងរលឹករបស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដែលជានិច្ចកាលតែងវាយតម្លៃខ្ពស់បំផុត និងគោរពចំពោះការតស៊ូ លះបង់ និងវីរភាពអង្គអាចក្លាហានបស់បងប្អូនវីរយុទ្ធជនក្នុងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ឯកឧត្តម បានបន្ថែមថា សកម្មភាពចុះសាកសួរសុខទុក្ខបងប្អូនវីរកងទ័ពក្រុមគ្រួសារ  និងបងប្អូនប្រជាជនភៀសសឹកជាបន្តបន្ទាប់ក្នុងរយៈកាលកន្លងមក ក៏ដូចជាពេលនេះ គឺជាសក្ខីភាពបង្ហាញពីស្មារតីសាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និង សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការកាពារ សន្តិភាព ស្ថេរភាព អធិបតេយ្យ បូរណៈភាពាដែនដី និងការអភិវឌ្ឍប្រទេសជាតិ។
ជាចុងក្រោយ ឯកឧត្តមទីប្រឹក្សា បានសម្តែងនូវការដឹងគុណ និងគារវកិច្ចដ៏ជ្រាលជ្រៅ ចំពោះវីរភាពអង់អាចក្លាហាន មោះមុតដ៏គួរឱ្យកោតស្ញប់ស្ញែងរបស់វីរយុទ្ធជន ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមព្រំដែន សូមជួបតែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះលើសមរភូមិ កម្ចាត់បច្ចាមិត្តឈ្លានពានឱ្យវិនាសអន្តរាយ។

ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ