‎ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃសពលោកឧត្តមសេនីយ៍ត្រី យួន ស៊ីង ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ
 
ចែករំលែក ៖

នារសៀលថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងព្រះសីហនុ) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានក្រុម បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃ សពលោកឧត្តមសេនីយ៍ត្រី យួន ស៊ីង នាយទាហាន នៃអង្គភាពកងអន្តរាគមន៍២១០ ចំណុះបញ្ជាការដ្ឋានអង្គរក្ស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ ឈរជើងនៅតំបន់អានសេះ ខេត្តព្រះវិហារ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា កាលពីវេលាម៉ោង ៥:០០ នាទីយប់ នាថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ៤១ឆ្នាំ។

‎ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ក្រុមសមាជិកក្រុមភូមិភាគទី៧ សូមចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារចំពោះមរណភាពឧត្តមសេនីយ៍ត្រី យួន ស៊ីង នាយទាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយនឹងការឈ្លានពានរបស់ថៃ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងបានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ត្រី យួន ស៊ីង បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

‎ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានចូលបុណ្យជាថវិកាផ្ទាល់ខ្លួន និងថវិកាក្រុមភូមិភាគទី៧ ជាមួយគ្រួសារសពចំនួន៣លានរៀល អង្ករ២បាវ (ស្មើនឹង១០០គីឡូក្រាម) និងប្រហុក ផ្អក ចំនួន ៨គីឡូក្រាម។

‎សូមជម្រាបថា សពរបស់លោកឧត្តមសេនីយ៍ត្រី យួន ស៊ីង ត្រូវបានបូជាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅវត្តខ្ពបអណ្តែត (ហៅវត្តក្របៅ) ស្ថិតក្នុងភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
‎ពិធីបុណ្យគម្រប់៧ថ្ងៃ ត្រូវបានប្រារព្ធនៅផ្ទះគេហដ្ឋាននៃគ្រួសារសព ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ