ឯកឧត្តម ឡាយ សំកុល អញ្ជើញទទួលជួបតំណាងធនាគារអេស៊ីលីដា ក្នុងឱកាសទទួលថវិកាវិភាគទានសម្រាប់មូលនិធិព្រឹទ្ធសភាសម្រាប់គាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក (ព.ស.ក.ទ និង ជ.ភ.ស)
 
ចែករំលែក ៖

ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទទួលជួបតំណាងធនាគារអេស៊ីលីដា ដែលបាននាំយកថវិកាវិភាគទានរបស់ធនាគារអេស៊ីលីដា ចំនួន ២០០ លានរៀល  ជូនដល់មូលនិធិព្រឹទ្ធសភាសម្រាប់គាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក (ព.ស.ក.ទ និង ជ.ភ.ស)។

ក្នុងនាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនិងថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ចំពោះសមានចិត្តដ៏ល្អប្រពៃ ក្នុងបុព្វហេតុលើកកម្ពស់សាមគ្គីភាពជាតិ  និងបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយព្រឹទ្ធសភា ក្នុងការជួយគាំទ្រដល់វីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន និងសម្រាលដល់ទុក្ខលំបាករបស់ជនភៀសសឹកដែលកំពុងត្រូវបានបង្ខំអោយផ្លាស់ទីលំនៅដោយសារសង្គ្រាម និងការវាយប្រហារឈ្លានពានពីកងទ័ពថៃ។
ក្នុងឱកាសនោះផងដែរ តំណាងធនាគារអេស៊ីលីដា ក៏បានបង្ហាញអំពីការជឿជាក់យ៉ាងមុតមាំទៅលើរាជរដ្ឋាភិបាលកម្ពុជា និងការដឹកនាំតស៊ូការពារបូរណភាពដែនដីរបស់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់សុខសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

ខ្លឹមសារ៖ ខុទ្ទកាល័យអគ្គលេខាធិការព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ