ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញចុះជួប និងឈ្វេងយល់អំពីសភាពការណ៍ថ្មីៗជាមួយថ្នាក់ដឹកនាំខេត្តកោះកុង
 
ចែករំលែក ៖

ដើម្បីស្វែងយល់ និងទទួលបានព័ត៌មានអំពីសភាពការណ៍ថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុម អមដំណើរដោយលោកជំទាវ ម៉ែនស៊ុន ម៉ុងឫទ្ធី បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកោះកុង ដឹកនាំដោយលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកោះកុង។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ចុះមកជួបនាពេលនេះ គឺដើម្បីទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងផលប៉ះពាល់នៅក្នុងខេត្ត ដែលបណ្តាលមកពីសមរភូមិព្រំដែនកម្ពុជា-ថៃ ក្នុងក្របខណ្ឌរបស់ខេត្ត ស្ថានភាពនៃប្រជាជនភៀសសឹក និងការដោះស្រាយរបស់អាជ្ញាធរខេត្តកន្លងមក ស្ថានភាពពលករត្រឡប់មកពីប្រទេសថៃវិញ និងការជួយជ្រោមជ្រែង រួមទាំងការផ្តល់ការងារ ការជួយឧបត្ថម្ភគាំទ្រកងទ័ពសមរភូមិមុខ បញ្ហាប្រឈមផ្សេងៗទៀត និងការងារចំពោះមុខដែលត្រូវបន្តដោះស្រាយតាមសមត្ថកិច្ច និងតាមលទ្ធភាពជាក់ស្តែង ព្រមទាំងរៀបចំរបាយការណ៍អំពីលទ្ធផលនៃដំណើរចុះបំពេញការងារនៅខេត្តកោះកុងនេះ ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាគ្នារួចមក ឯកឧត្តមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងបានអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត សូមបន្តធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដើម្បីបន្តរក្សាស្មារតីសាមគ្គីភាព ឯកភាពជាតិ ការពារសន្តិភាព ដែលបានមកដោយលំបាកតាមរយៈការធ្វើពលីកម្មរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាកត្តាមិនអាចខ្វះបានក្នុងកិច្ចការពារឯករាជ្យភាព អធិបតេយ្យជាតិ បូរណភាពដែនដី វិបុលភាព និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានក្រុម បានឧបត្ថម្ភថវិកាចំនួន៥០០០ដុល្លារអាម៉េរិក និងសមាជិក សមាជិកាក្រុម៨រូប ក្នុងម្នាក់ៗ ១,០០០,០០០រៀល សម្រាប់ចូលរួមក្នុងការសាងសង់លេនដ្ឋានជូនកងទ័ពឈរជើងជួរមុខនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុង…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ