ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រ និងចែកបណ្ណសរសើរដល់សិស្សានុសិស្ស នៃសាលាអន្តរជាតិអុិនតាច
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥​ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំភូមិភាគទី២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រ និងចែកបណ្ណសរសើរដល់សិស្សានុសិស្ស​ នៃសាលាអន្តរជាតិអុិនតាច​ សម្រាប់​ឆ្នាំសិក្សា២០២៤-២០២៥ ស្ថិតក្នុងភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម អភិបាលនៃគណៈអភិបាលស្រុកចំការលើ អភិបាលរងក្រុង/ស្រុក មេឃុំ មេភូមិ ភ្ញៀវអន្តរជាតិ លោគ្រូអ្នកគ្រូ ហាកឹមតួន និងប្រជាពលរដ្ឋផងដែរ។
នាឱកាសនេះ​ ឯកឧត្តមសមាជិកព្រឹទ្ធសភា​ បានកោតសរសើរ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សាលាអន្តរជាតិអុិនតាច ទាំងអស់ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាបន្តបន្ទាប់របស់សាលាអន្តរជាតិអុិនតាច លើហេដ្ឋារចនាសម្ព័ន បច្ចេកវិទ្យា ការសិក្សាកែលម្អកម្មវិធី និងយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាល។
ឯកឧត្តមបានលើកឡើថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែក របស់ប្អូនៗនៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែចំពោះខាងមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស ត្រូវបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈ ការប្រលងប្រជែង នៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសលរបស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ ។
ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្តមសមាជិកព្រឹទ្ធសភា បានចូលរួមអបអរសាទរសិស្សានុសិស្សដែលជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ជម្នះរាល់ឧបសគ្គ រហូតបញ្ចប់ការសិក្សាដោយជោគជ័យ និងក្លាយជាធនធានមនុស្សដ៏សំខាន់ រួមចំណែកបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ លទ្ធផលដ៏ល្អប្រពៃនេះ ពិតជាមិនអាចកាត់ផ្តាច់ចេញបានពីការគាំទ្រ ការទំនុកបម្រុង និងការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ហើយកាន់តែសំខាន់ជាងនេះទៀត គឺកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយដែលកម្ពុជាខិតខំប្រឹងប្រែងសម្រេចបានដោយលំបាក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងត្រូវបានថែរក្សាការពារយ៉ាងម៉ឺងម៉ាត់ដាច់ខាត ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយបញ្ចប់កម្មវិធី​ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាចំនួន ២០០ដុល្លារផងដែរ។

ប្រភព​៖​ ជំនួយ​ការ​ឯកឧត្ដម​ ស្លេះ ពុនយ៉ាមុីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ