ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញសំណេះសំណាលជាមួយ អាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល សរុបចំនួន ១២១នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានដោយក្តីនឹករលឹកបំផុត ព្រមទាំងជម្រាបជូននូវគោលបំណងនៃពិធីសំណេះសំណាលនាពេលនេះ គឺដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព តាមរយៈការធ្វើបទបង្ហាញអំពីតួនាទីរបស់ក្រុមប្រឹក្សាឃុំ ទាក់ទងនឹងវិវាទគ្រួសារ និងផ្សព្វផ្សាយអំពីសមិទ្ធផលការងាររបស់ព្រឹទ្ធសភាក្នុងឆ្នាំ២០២៥ ព្រមទាំងពិភាក្សាឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។
ទន្ទឹមនឹងនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដោយក្នុងម្នាក់ៗទទួលបានអំណោយ១កញ្ចប់របស់អង្គការមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ និងថវិកាមួយចំនួន ព្រមទាំងឧបត្ថម្ភអំណោយនិងថវិកាចំនួន ៥០ម៉ឺនរៀល ជូនលោកមេឃុំឈ្វាំងដែលកំពុងសម្រាកព្យាបាលជំងឺ ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ១០,២៥២,០០០រៀល៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ