ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញដឹកនាំប្រតិភូសប្បុរសជនមកពីប្រទេសសិង្ហបុរី ចុះពិនិត្យការដ្ឋានសាងសង់វិហារអ៉ិស្លាម នៅភូមិបុស្សកន្ទួត ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញដឹកនាំប្រតិភូសប្បុរសជនមកពីប្រទេសសិង្ហបុរី ចុះពិនិត្យការដ្ឋានសាងសង់វិហារអ៉ិស្លាមមួយ ដែលជាការផ្តួមផ្តើមឡើងដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា។ វិហារអ៉ិស្លាមនេះ បានសាងសង់រួចរាល់ប្រមាណជាង ៨៥ភាគរយ ហើយស្ថិតនៅភូមិបុស្សកន្ទួត ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបានសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយភាពស្និទ្ធស្នាល និងក្តីអាណិតអាសូរ។

ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករឭកយ៉ាងជ្រាលជ្រៅ ពីសំណាក់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ជូនដល់បងប្អូនប្រជាពលរដ្ឋ និងគណៈកម្មការវិហារអ៉ិស្លាមទាំងអស់។

ជាកិច្ចបន្ទាប់ ឯកឧត្តមបានមានប្រសាសន៍ថា ការសាងសង់វិហារអ៉ិស្លាមថ្មីនេះ មិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនសាសនិកអ៉ិស្លាម ក្នុងការប្រតិបត្តិធម៌សាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពដ៏ច្បាស់លាស់ បង្ហាញពីការរីកចម្រើននៃវិស័យសាសនា ក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពសង្គមនៅកម្ពុជា។

ក្នុងប្រសាសន៍សំណេះសំណាលនោះដែរ ក្រៅពីការសង្កត់ធ្ងន់លើវិស័យសាសនា ឯកឧត្តមក៏បានរំលេចយ៉ាងច្បាស់ អំពីសមិទ្ធិផលសេដ្ឋកិច្ចដ៏អស្ចារ្យ ដែលជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបរវធិបតី នាយករដ្ឋមន្ត្រី បានធានារក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខជានិច្ច។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានឧបត្ថម្ភថវិកា និងសម្ភារៈជាច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមពាក់ព័ន្ធ រួមមាន៖ ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា ៥០.០០០ រៀល និងសម្លៀកបំពាក់ម្នាក់ ១ឈុត,​សិស្សានុសិស្សចំនួន ៥០នាក់ ក្នុងម្នាក់ ទទួលបានថវិកា ១០.០០០រៀល, វិហារអ៉ិស្លាមចំនួន៣ វិហារមួយទទួលបានផ្លែល្មើ ចំនួន២កេស ស្មើនឹង ២០គីឡូក្រាម, ប្រជាការពារ ១០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០.០០០រៀល និងសម្លៀកបំពាក់ ១ឈុត, គ្រូខ្មែរអ៉ិស្លាម ២នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០០.០០០រៀល និងសម្លៀកបំពាក់ ១ឈុត, គណៈកម្មការវិហារ ៥នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០០.០០០រៀល និងសម្លៀកបំពាក់ ១ឈុត, និងយុវជន ស.ស.យ.ក ចំនួន ១០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០០.០០០រៀល។

ប្រភព៖ ជំនួយ​ការ​ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ