ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះជួបសំណេះសំណាល ផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានា ជូនដល់ក្រុមប្រឹក្សាឃុំ មន្រ្តីរាជការ ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ
 
ចែករំលែក ៖

នាថ្ងៃទី៩ និងទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាឃុំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ សរុបចំនួន៧៥៤នាក់ នៅក្នុងស្រុក និងក្រុងទាំង៧ នៅក្នុងខេត្តត្បូងឃ្មុំ រួមមាន ស្រុកមេមត់ ស្រុកពញាក្រែក ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងក្រុងសួង ។
នៅក្នុងគ្រប់ពិធីសំណេះសំណាល ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងជម្រាបជូនអំពីកិច្ចដំណើរការការងារព្រិទ្ឋសភា ការទទួលយកនិងលទ្ឋផលដំណោះស្រាយសំណូមពររបស់អង្គបោះឆ្នោត និងជម្រាបជូនអំពីសភាពការណ៍នៅតាមបណ្តោយព្រំប្រទល់ កម្ពុជា-ថៃ ដែលបាននិងកុំពុងកើតមានរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ឯកឧត្តមបានរំឮកពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងមូលហេតុដែលបង្កឱ្យមានឧប្បត្តិហេតុនៅតាមព្រំប្រទល់ ដោយសង្កត់ធ្ងន់លើការមិនគោរពតាមស្មារតីឯកសារគតិយុទ្ឋដែលប្រទេសទាំងពីរបានឯកភាពគ្នា ជាពិសេសសន្ឋិសញ្ញាឆ្នាំ១៩០៤ និងអនុសញ្ញាឆ្នាំ១៩០៧ ដែលមានភ្ជាប់ផែនទីឧបសម្ព័ន្ឋ ធម្មនុញ្ញអង្គការសហប្រាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ ដោយភាគីថៃ និងសកម្មភាពឈ្លានពានយ៉ាងគឃ្លើនព្រៃផ្សៃលើបូរណភាពទឹកដីកម្ពុជា បើទោះជាមានការព្រមព្រៀងគ្នាលើកិច្ចឈប់បាញ់ និងលើគោលការណ៍មួយចំនួនដើម្បីបន្ធូរបន្ថយភាពតានតឹងសំដៅរិះរកដំណោះស្រាយវិបត្តិដោយសន្តិវិធីយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលិចអំពីល្បិចកលដ៏ខ្មៅងងឹតរបស់ប្រទេសនេះ នៅក្នុងការបង្កអស្ថិរភាពនៅតាមបណ្តោយព្រំប្រទល់រវាងប្រទេសទាំងពីរ និងសុច្ឆន្ទៈរបស់កម្ពុជាក្នុងការរិះរកដំណោះស្រាយតាមរយៈការចរចារដោយសន្តិវិធី ជៀសវាងការប្រើកម្លាំង ដើម្បីសុខុមាលភាព និងសន្តិភាពសម្រាប់ប្រជាជនទាំងពីរកម្ពុជា -ថៃ ។
ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះការរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ គ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តត្បូងឃ្មុំ ដែលបានផ្តល់នូវការគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈ ដល់វីរយុទ្ធជននៅសមរភូមិ និងបងប្អូនប្រជាជនភៀសសឹក ព្រមទាំងបានអំពាវនាវដល់បងប្អូនបន្តរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយ និងមានជំនឿជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការចាត់វិធានការការពារបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានផ្តាំផ្ញើដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវោហារសាស្រ្តអុជអាលបំបែកបំបាក់សង្គមជាតិរបស់ជនអគតិមួយចំនួន ជាពិសេសសកម្មភាពរបស់ជនក្បត់តជំនាន់ ព្រមទាំងពង្រឹងមហាសាមគ្គីជាតិកាន់តែរឹងមាំថែមទៀត នៅក្នុងកាលៈទេសៈដែលប្រទសជាតិមាតុភូមិកំពុងប្រឈមនឹងហានិភ័យនៃអំពើឈ្លានពានរបស់ប្រទេសថៃ។
ឯកឧត្តមបានគូសបញ្ជាក់ថា «កម្ពុជាជាប្រទេសដែលស្រឡាញ់សន្តិភាព ចង់រស់នៅប្រកបដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក។ ក៏ប៉ុន្តែ សូមកុំយល់ច្រឡំថា ការស្រឡាញ់សន្តិភាពរបស់កម្ពុជា មិនមានន័យថាជាការបោះបង់សិទ្ធិអធិបតេយ្យ ក្នុងការការពារបូរណភាព ដែនដីរបស់ខ្លួននោះទេ»។
ជាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បាននាំយកនូវសម្ភារៈ និងថវិកាមួយចំនួនចែកជូនដល់សមាជិក សមាជិកាអង្គបោះឆ្នោត និងមន្ត្រីរាជការ ដែលមានវត្តមាននៅក្នងអង្គប្រជុំទាំងអស់ និងថ្នាំពេទ្យមួយចំនួនចែកជូនដល់គ្រប់មន្ទីរពេទ្យបង្អែកស្រុកទាំង៦ នៅក្នុងខេត្តត្បូងឃ្មុំផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ