ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចុះជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីក្នុងក្រុងស្រុកចំនួន៥ ខេត្តមណ្ឌលគិរី
 
ចែករំលែក ៖

ប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម
និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចុះជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីក្នុងក្រុង ស្រុកចំនួន៥ រួមមាន៖ ក្រុងសែនមនោរម្យ ស្រុកកែវសីមា ស្រុកកោះញែក ស្រុកអូររាំង និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សរុបចំនួន៥១រូប នាព្រឹកថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងនៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តមណ្ឌលគិរី ប្រកបដោយក្តីនឹករលឹកបំផុត ហើយក៏បានជម្រាបជូនពីគោលបំណងនៃការចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រីនាពេលនេះ គឺដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ នៅមូលដ្ឋាន ព្រមទាំងឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការអនុវត្តគោលនយោបាយ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ផែនការ សកម្មភាពការងារសម្រាប់ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ និងដើម្បីពង្រឹងពង្រីកការអនុវត្តមុខងារតំណាងឱ្យមានគុណភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។

លោកជំទាវ បានផ្តាំផ្ញើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងមក និងសូមបន្តយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ហើយត្រូវចេះរៀបចំលើកនូវផែនការថវិកាអភិវឌ្ឍន៍ឃុំ សង្កាត់របស់ខ្លួន ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតស៊ូ អត់ធ្មត់ ជឿទុកចិត្តលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធកងទ័ពយើង និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្គ្រាមឈ្លានពានពីកងទ័ពថៃ។
បន្ទាប់មកលោកជំទាវប្រធានក្រុម បានជូនក្រមា និងថវិកាដល់អង្គភាពពាក់ព័ន្ធ ដបទឹករក្សាកំដៅ១  និងថវិកាដល់ក្រុមប្រឹក្សាឃុំ សង្កាត់។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ