ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ខេត្តព្រះសីហនុ
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុម ដោយមានការអញ្ជើញចូលរួមពីគណៈកម្មការទី១ និងទី៣ព្រឹទ្ធសភា បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ នៅរោងចក្រផលិតចំណីសត្វ M’s PIG ស្ថិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សរុបចំនួន១៥០នាក់ ក្នុងគោលបំណងដេីម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋាន, ឈ្វេងយល់ពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការអភិវឌ្ឍមូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងចូលរួមដោះស្រាយ ឬនាំយកយោបល់ បញ្ហាប្រឈម និងសំណូមពរ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភា។

មុននឹងចាប់ផ្តេីមកម្មវិធី ឯកឧត្តមបណ្ឌិត ម៉ុងឫទ្ធី ប្រធានក្រុម បានដឹកនាំសមាជិក សមាជិកានៃអង្គពិធីអញ្ជេីញពិនិត្យសកម្មភាពក្រុមការងារគ្រឿងចក្រកំពុងស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវអន្លង់ក្រពេីមានប្រវែង ១,៩៧១ម៉ែត្រ ទទឹង ៦.៤ម៉ែត្រ និងទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មរោងចក្រផលិតចំណីសត្វ ដែលមានកម្លាំងផលិត៥០តោនក្នុងមួយម៉ោង។
‎ 
ក្នុងពិធីសំណេះសំណាលនេះ បានទទួលធាតុចូលក្នុងការផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ល្អៗ និងកិច្ចសហការគាំទ្រពីគ្នាទៅវិញទៅមក បង្កភាពងាយស្រួល ដល់សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ បង្កើនសមត្ថភាព ចែករំលែកការអនុវត្តដែលជាបទពិសោធន៍ដ៏ប្រសើរកន្លងមក ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងអភិវឌ្ឍន៍មូលដ្ឋាន ឱ្យបានកាន់តែល្អប្រសើរឡើង និងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ច ដែលសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានសហការ ខិតខំពុះពារ ដោះស្រាយ បញ្ហាប្រឈម និងបម្រើសេវាជូនប្រជាពលរដ្ឋ ដោយរក្សាបាននូវសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានបានល្អប្រសើរ។
‎ 
ដេីម្បីរឹតចំណងសាមគ្គីភាពរវាងសមាជិកព្រឹទ្ធសភា និងអង្គបោះឆ្នោត នាឱកាសនោះ លោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី និងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប  បានរៀបចំទទួលអាហារសាមគ្គីពេលព្រឹក  និងពេលថ្ងៃ ព្រមទាំងជូនក្រូចលឿងចំនួន១កេស និងសាច់ក្រកអស្ចារ្យ (សាច់ក្រកចម្រុះ) មួយកញ្ចប់ក្នុង១នាក់ សរុបចំនួន ១៥០កេស/១៥០កញ្ចប់។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ