










នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦
ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋចំនួន៦៥៤គ្រួសារ និងគ្រូស្ម័គ្រចិត្តចំនួន៧រូប ស្ថិតក្នុងភូមិទី១៣ និងទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករឭកជាអនេកពីសំណាក់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ។
ជាកិច្ចបន្ទាប់ ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះថា ជាថ្មីនេះក៏ដូចជាឆ្នាំមុនដែរ ខែរ៉ម៉ាឌនគឺជាកាតព្វកិច្ចរបស់បងប្អូនអ៉ិស្លាម ហើយបងប្អូនក៏មានតម្រូវការ ចំណែកថ្នាក់ដឹកនាំក៏មិនភ្លេចបងប្អូនផងដែរ នេះហើយជាគោលការថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលកើតដោយសារប្រជាជន ដើម្បីប្រជាជន និងមិនបោះបង់ប្រជាជន ដែលមានសម្តេចតេជោ និងសម្តេចមហាបវរធិបតីជាប្រមុខដឹកនាំ ហើយសូមឲ្យបងប្អូនបន្តគាំទ្រឲ្យលើសលប់បន្ថែមទៀត។
ឯកឧត្តមបានបន្ត ក៏ដូចជាផ្តាំផ្ញើដល់បងប្អូនទាំងអស់ សូមថែរទាំសុខភាពឲ្យបានល្អ ដើម្បីត្រៀមខ្លួនទទួលខែរ៉ម៉ាឌនដ៏ពិសិទ្ធិ ហើយនឹងកុំភ្លេចឲ្យសោះក្នុងខែដ៏ពិសិទ្ធិនេះ យើងទាំងអស់គ្នាសុំពរជ័យ ជូនដល់ថ្នាក់ដឹកនាំរបស់យើង ឲ្យមានសុខភាពល្អនិងសូមឲ្យប្រទេសជាតិមានសុខសន្តិភាព ឈ្នះអស់សត្រូវទាំងឡាយដែលមានគំនិតបំផ្លាញជាតិមាតុភូមិដ៏កំសត់របស់យើងនេះ។
ជាថ្មីម្តងទៀត ឯកឧត្តមក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមប្រឹក្សាស្រុក មេឃុំមេភូមិ ក្រុមយុវជន និងជាពិសេសអរគុណចំពោះលោក សៀត សូត អភិបាលរងស្រុកកោះសូទិន និងជាប្រធានកិត្តិយសសមាគម អាល់រ៉ហុីម លោក សលីហីន និងសហការីដែលបានកៀគរជំនួយមកផ្តល់ជូនបងប្អូននាពេលនេះ ។
កញ្ចប់អាហារដែលផ្តល់ជូនរួមមាន៖
. អង្ករ ៥គីឡូក្រាម
. ស្ករស ១គីឡូក្រាម
. ប្រេងឆា ១ដប
. មី ១០កញ្ចប់
.ត្រីខ ២កំប៉ុង
. ទឹកដោះគោ ១កំប៉ុង
. ទឹកត្រី ១ដប
. ទឹកសុីអុីវ ១ដប
. តែត្រជៀកកាំ ១កញ្ចប់
. ទឹកក្រូច ១ដប
. អំបិល ១គីឡូក្រាម។
អំណោយទាំងនេះគឺទទួលបានការសហប្រតិបត្តិការជាមួយលោក មូហាំម៉ាត់ អាមីន ពិន មូហាំម៉ាត់សេន ប្រធានស្ថាបនិក ក្រុមហ៊ុនហាឡាល់ផាក ខេមប៉ូឌា ពីប្រទេស សិង្ហបុរី តាមរយៈសមាគមអាល់រ៉ហីម មូស្លីមកម្ពុជា ដែលចំណាយថវិកាសរុបចំនួន ៤១,២៧២,០០០ រៀល ស្មើនឹង ១០,៣១៨ដុល្លារសហរដ្ឋអាមេរិក។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាម៉ីន