ឯកឧត្តម ឡាយ សំកុល អញ្ជើញសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសបារាំង ចុះពិនិត្យព្យាបាលជំងឺទូទៅដោយមិនយកកម្រៃជូនប្រជាពលជននៅសង្កាត់បាក់ខែង
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ  និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា(AMH) របស់ប្រទេសបារាំង បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចុះពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ រយៈពេល២ថ្ងៃ នៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ប្រកបដោយសេចក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌជ្រោយចង្វារ។ ឯកឧត្តមបានថ្លែងកោតសសើរដល់អាជ្ញាធរសង្កាត់ ខណ្ឌ ដែលបានយកចិត្តទុក្ខដាក់ផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងទៅ។ ជាពិសេស ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ដែលបានយកចិត្តទុកដាក់រៀបចំ និងពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ។ ការងារស្ម័គ្រចិត្តនេះ គឺបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីធម៌ និងមនុស្សធម៌ដ៏ថ្លៃថ្លាបំផុតរបស់ក្រុមគ្រូពេទ្យស្មគ្រចិត្តរបស់ប្រទេសបារាំង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ស្មារតីស្រលាញ់រាប់អាន និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងថែរក្សាសុខភាពឱ្យបានល្អ និងអនុវត្តរបបអាហារ ព្រមទាំងការប្រើប្រាស់ថ្នាំតាមការណែនាំនិងវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានទៀងទាត់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គលេខាធិការ ក៏បានជម្រាបជូនអំពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ បើទោះបីជាមានសភាពស្ងប់ស្ងាត់ពិតមែន តែយើងមិនត្រូវធ្វេសប្រហែសនោះទេ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំនិងវីរៈយុទ្ធជន គ្រប់លំដាប់ថ្នាក់នៅតាមព្រំដែន តែងបានប្រគៀកស្មាគ្នាយ៉ាងជិតស្និតបំផុត ក្នុងការផ្តល់យោបល់យុទ្ធសាស្រ្ត ដើម្បីដោះស្រាយបញ្ហានៅតាមព្រំដែន។ សង្រ្គាមនេះធ្វើឱ្យប្រទេសកម្ពុជាជួបការលំបាកក្នុងផ្នែកមនុស្សធម៌ គឺមានប្រជាជនជាង៥សែននាក់ បានផ្លាស់ទីលំនៅ និងការបាត់បង់ជីវិតវីរយុទ្ធជនដ៏អង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីកម្ពុជា។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការគាំទ្រ និងជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងសូមប្រជាពលរដ្ឋខ្មែរទាំងអស់ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជាកម្លាំងចិត្តគាំទ្រដល់រាជរដ្ឋាភិបាល និងវីរយុទ្ធជនរបស់យើង ក្នុងការការពារបូរណភាពដែនដី និងជាតិមាតុភូមិនៃយើង។

ឯកឧត្តមអគ្គលេខាធិការ ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ប្រជាពលរដ្ឋមកពិនិត្យព្យាបាលជំងឺ ផ្តល់រទះរុញដល់អ្នកជំងឺពិការចំនួន២រូប និងប្រគល់សម្ភារៈសង្គ្រោះបឋមដល់អាជ្ញាធរសង្កាត់ ព្រមទាំងនាំយកបច្ច័យកសាងប្រគេនព្រះចៅអធិការវត្តសូរិយាពោធិ៍មាស (ហៅវត្តក្តីចាស់) ផងដែរ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ