ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
 
ចែករំលែក ៖

នាថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ាក ឡេង សមាជិកក្រុម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា (AMH) របស់ប្រទេសបារាំង អញ្ជើញចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនដល់បងប្អូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ាក ឡេង បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរសព្វសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងអស់មានវត្តមាននៅទីនេះផងដែរ ហើយឯកឧត្តម បានថ្លែងនូវការដឹងគុណចំពោះវីរកងទ័ពដែលបានលះបង់ជីវិតការពារលើបូរណភាពដែនដី និងអធិបតេយ្យភាពរបស់កម្ពុជាពីការឃ្លានពានរបស់ប្រទេសថៃ ជាពិសេសអាជ្ញាធរមូលដ្ឋាន ទាំងថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលបានបរិច្ចាគធនធាន ទោះបីតិចក្ដី ច្រើនក្ដី ជាតំបន់សមរភូមិក្រោយ ជួយឧបត្ថម្ភ
ដល់សមរភូមិមុខ គឺជាកម្លាំងសាមគ្គីភាពជាធ្លុងមួយដ៏រឹងមាំ។ លើសពីនេះ ឯកឧត្តម បានជម្រាបជូនអំពីសភាពការណ៍វិវត្តថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងគ្នាត្រូវជឿជាក់ទៅលើ ប្រមុខរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំប្រទល់ជាមួយប្រទេសថៃ ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម»។

ជាចុងបញ្ចាប់ ឯកឧត្តមតំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានមានមតិផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមថែទាំសុខភាពឱ្យបានល្អគ្រប់ៗគ្នា តាមរយៈការហូបស្អាត រស់នៅស្អាត និងគោរពតាមការណែនាំរបស់គ្រូពេទ្យ ព្រមទាំងជូនពរអាជ្ញាធរខេត្ត ស្រុក និងសហការី ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសបារាំង សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលាំងមាំមួន និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

តាមរយៈការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងរយៈពេល១ថ្ងៃពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសបារាំង បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅឃុំចាន់មូល ស្រុកមេមត់ សរុបចំនួន២២៨នាក់ ក្នុងនោះ (មនុស្សចាស់២១៧នាក់ ស្រី១៣២នាក់  និងកូនក្មេង១១នាក់ ស្រី៧នាក់ ) ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ