











ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានលើកឡើងថា ក្នុងនាមជាអ្នកបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ សូមរដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំទាំងអស់ បន្តខិតខំលើកកម្ពស់ការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនទៅតាមច្បាប់ បទដ្ឋានគតិយុទ្ធនានា និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព ។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងអាជ្ញាធរស្រុកមោងឫស្សី ស្រុករុក្ខគិរី ដោយមានអ្នកចូលរួមសរុបចំនួន១៩៧នាក់ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណវត្តព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី៤ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់អ្នកចូលរួមក្នុងអង្គពិធី ព្រមទាំងបានគូសបញ្ជាក់អំពីគោលបំណងនៃពិធីសំណេះសំណាលនាព្រឹកនេះ ដើម្បីឈ្វេងយល់និងផ្តល់ឱកាសជូនសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លើកឡើងអំពីបញ្ហាប្រឈម កង្វល់ តម្រូវការ និងសំណូមពរ ជុំវិញការអនុវត្តតួនាទីភារកិច្ចក្នុងការអនុវត្តច្បាប់ ដោយផ្តោតលើការងារស្ថិតិប្រជាពលរដ្ឋ (សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ) ការផ្លាស់ចេញ-ចូល, ការងារអត្រានុកូលដ្ឋាន និងការកែតម្រូវអក្ខរាវិរុទ្ធ, ការងារធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ការងារមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់, ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផ្តោតសំខាន់លើ៖ ១.ការអនុវត្តតួនាទី ភារកិច្ចក្នុងការអនុវត្តច្បាប់ និងការផ្តល់សេវាសាធារណៈ មានការងារអត្រានុកូលដ្ឋាន និងការងារធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២.បទល្មើសផ្សេងៗ ៣.សណ្តាប់ធ្នាប់សាធារណៈនិងគ្រោះថ្នាក់ចរាចរណ៍ ៤.អំពើអនាចារ គ្មានការជួញដូរមនុស្ស និងគ្រឿងញៀន ៥.ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៦.អនាម័យនិងបរិស្ថានល្អ ៧.ឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ។
តាមរយៈការឡើងរាយការណ៍របស់លោកអភិបាលរងខេត្ត អភិបាលស្រុក មតិយោបល់របស់ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាយ៉ាងផុលផុស ឯកឧត្តមប្រធានក្រុមភូមិភាគទី៤ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលឃុំនៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ជាពិសេសការងារដែលពាក់ព័ន្ធនឹងការងារផ្តល់សេវារដ្ឋបាល អត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការភិវឌ្ឍឃុំ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ឯកឧត្តមប្រធានក្រុមភូមិភាគទី៤ បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលឃុំ ដែលឡើងនូវបញ្ហាប្រឈម សំណូមពរ និងចំណុចល្អៗជាច្រើន ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការរួមគ្នាប្រមូលគំនិត មតិយោបល់ បទពិសោធន៍ល្អៗដ៏មានតម្លៃ សម្រាប់ជាគុណប្រយោជន៍ក្នុងការបំពេញការងាររបស់យើងឱ្យកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តមប្រធានក្រុមភូមិភាគទី៤ សង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរពាក់ព័ន្ធ នឹងនាំយកចំណេះដឹង បទពិសោធន៍ល្អៗ ដែលទទួលបានពីពិធីសំណេះសំណាលនេះទៅចែករំលែក និងខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរ។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់ដែលអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបានលើកឡើង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន