ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានណែនាំមន្រ្តីខុទ្ទកាល័យខិតខំតាមដានរាល់កិច្ចការដែលជាប្រយោជន៍ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់ខុទ្ទកាល័យ នៅសាលប្រជុំខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភានៃវិមានសាមគ្គីភាពព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានលើកឡើងថា សមាជិកខុទ្ទកាល័យ ត្រូវរៀបចំផែនការការងាររបស់ខ្លួន ផ្សារភ្ជាប់និងសូចនាករដែលអាចវាស់វែងបាន ទើបអាចវាយតម្លៃលទ្ធផលជាក់ស្តែងនៅចុងឆ្នាំបាន។ ការងាររបស់ខុទ្ទកាល័យ ត្រូវផ្តោតសំខាន់លើការតាមដានរាល់កិច្ចការដែលជាប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហានានាដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់។

ឯកឧត្តមបណ្ឌិត បន្ថែមទៀតថា សាមគ្គីភាព សុខភាព សមត្ថភាព និងសកម្មភាព ប្រកបដោយគំនិតច្នៃប្រឌិត នឹងជួយលើកកម្ពស់សេដ្ឋកិច្ច សង្គម និងស្ថិរភាពនយោបាយកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបណ្ឌិត ក៏បានបន្តជំរុញការគាំទ្រផលិតផលខ្មែរ និងផលិតកម្មក្នុងស្រុកឱ្យមានចីរភាពតាមរយៈ ការជួយទិញ ជួយផ្សព្វផ្សាយ និងជួយបង្កើតថ្មីពីប្រជាជនខ្មែរ ធ្វើយ៉ាងណាឱ្យមានផលិតផលខ្មែរផ្គត់ផ្គង់លើទីផ្សារកាន់តែច្រើន គ្រប់តាមតម្រូវការ និងមាននិរន្តរភាព។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ