គណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញចុះឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តមណ្ឌលគីរី
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ
បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងរដ្ឋបាលខេត្តមណ្ឌលគីរី ដឹកនាំដោយឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលប្រជុំខេត្តមណ្ឌលគិរី។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ប្រកបដោយក្តីនឹករលឹក។
ឯកឧត្តមប្រធាន បានជម្រាបជូនអំពីរចនាសម្ព័ន្ធព្រឹទ្ធសភា ដឹកនាំសំខាន់ៗ រួមមាន៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា គណៈកម្មការជំនាញទាំង១០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុម សមាជិកាព្រឹទ្ធសភា និងក្រុមមិត្តភាពទ្វេភាគី និងពហុភាគី។ល។ ឯកឧត្តមបានជម្រាបជូនអង្គប្រជុំបន្ថែមថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ខ្ពស់នូវអាទិភាពការងារចម្បងចំនួនពីរ ក្នុងនីតិកាលទី៥នេះ គឺទី១.ការលើកកម្ពស់ការទូតសភា និងទី២.ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គ បោះឆ្នោត ជាពិសេសជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានបន្ថែមលើមុខងារ ស្នូលទាំងបីរបស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាងផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ប្រធាន បានជម្រាបជូនអំពីគោលបំណងជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធនាពេលនេះ ដើម្បីប្រមូលបាននូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា ដែលអាជ្ញាធរខេត្ត មន្ទីរជំនាញលើកឡើង នឹងធ្វើរបាយការណ៍ជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ផ្តល់ជាយោបល់ទៅក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចធ្វើការដោះស្រាយ។
ឯកឧត្តមបានជំរុញដល់រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការ បន្តអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងទៅអនាគត ប្រកបដោយប្រសិទ្ធភាពនឹងប្រសិទ្ធផល៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ