គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តព្រះសីហនុ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ច
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា(គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តព្រះសីហនុ និងមន្ទីរជំនាញពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តម  ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។

ជំនួបខាងលើនេះ ឯកឧត្តមប្រធាន បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ  ពីសំណាក់  ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានបញ្ជាក់អំពីគោលបំណងរបស់គណៈកម្មការអញ្ជើញមកនៅពេលនេះ គីដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម វិធានការដោះស្រាយ និងចក្ខុវិស័យទៅមុខរបស់អាជ្ញាធរខេត្ត ព្រមទាំងវិស័យពាក់ព័ន្ធជាសមត្ថកិច្ចរបស់គណៈកម្មការទី៧ព្រឹទ្ធសភា។

ឯកឧត្តមប្រធាន បានបន្តថា ត្រូវខិតខំរួមគ្នាបន្តពង្រឹងការអនុវត្តគោលនយោបាយ “ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ” ឱ្យខ្ជាប់ខ្ជួនបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាឱ្យបានទាន់ពេលវេលាជាពិសសេសការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ សម្រាប់មន្ទីរជំនាញក្នុងវិស័យ ត្រូវបន្តខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងចីរភាព សំដៅឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ឯកឧត្តម បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានធ្វើឱ្យខេត្តមួយនេះមានការប្រែប្រួលរីកចម្រើនយ៉ាងឆាប់រហ័ស ទន្ទឹមនឹងនោះ ចំពោះប្រឈមដែលនៅសេសសល់ សូមបន្តរួមគ្នាខិតខំដោះស្រាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបាន់កាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ