








គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្តម មីន មករា ប្រធានសាលាដំបូង និងឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ព្រមទាំង មានការអញ្ជើញចូលរួមពី អនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារងក្រឡាបញ្ជី ប្រធានលេខាធិការរដ្ឋាន អនុប្រធាន និងមន្ត្រីនៃសាលាដំបូង និងអយ្យការអមសាលាដំបូង សរុបអ្នកចូលរួមទាំងអស់មានចំនួន៨៥រូប ដើម្បីជួបពិភាក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់ និងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា ដែលសាលាដំបូង និងអយ្យការអមសាលាដំបូងជួបប្រទះ នៅសាលាដំបូងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦…។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករឭកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានថ្លែងបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណងនៃជំនួបពិភាក្សា ដោយផ្តោតលើការពង្រឹងកិច្ចសហការ ការផ្លាស់ប្តូរយោបល់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃតុលាការ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន