ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញការតាមដានកិច្ចការជាប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសកិច្ចការដែលស្នើឡើងដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
 
ចែករំលែក ៖

ក្នុងកិច្ចប្រជុំប្រចាំខែជាមួយប្រធានគណៈកម្មការទាំង១០ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ប្រធានក្រុមសមាជិកា និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា មានប្រសាសន៍ថា ការតាមដានកិច្ចការជាប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេស កិច្ចការដែលស្នើឡើងដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមភូមិភាគទាំង៨ គឺជាការងារចំបាច់។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា សមាជិកព្រឹទ្ធសភា មានមុខងារតាមដានការអនុវត្តច្បាប់/គោលនយោបាយ និងមុខងារតំណាង ដូច្នេះសមាជិកព្រឹទ្ធសភាត្រូវធ្វើជាតំណាងពលរដ្ឋ ដោយស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរនៅតាមមូលដ្ឋាន និងលើកបញ្ហាប្រឈម និងសំណូមពរទាំងនោះទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីរកដំណោះស្រាយ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានជំរុញ និងលើកទឹកចិត្តដល់សមាជិកព្រឹទ្ធសភា ធ្វើការជាមួយអ្នកពាក់ព័ន្ធ ដើម្បីកៀរគរធនធាន សម្រាប់ជួសជុលអគារសិក្សាទ្រុឌទ្រោម ជាពិសេសអគារសិក្សា ដែលជាកេរដំណែលរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលមានអាយុកាលយូរមកហើយ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ