ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលប្រព្រឹត្តទៅនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា។
បន្ទាប់ពីលោកជំទាវ សួន ពុធថាវី អគ្គនាយិកាស្រាវជ្រាវ និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រាយការណ៍ជូនជ្រាបអំពីស្ថានភាពមន្ត្រីរាជការនារីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងលោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភា អានព្រះរាជសារសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥រួចមក ឯកឧត្តម អ៊ុច បូររិទ្ធ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងប្រសិទ្ធិពរជ័យរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកជំទាវ លោក លោកស្រ្តី នាង កញ្ញា ដែលកំពុងបម្រើការងារក្នុងស្ថាប័នព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ និងបានចាត់ទុកប្រធានបទនាឆ្នាំនេះ គឺបានឆ្លុះបញ្ចាំងពីសេចក្ដីប្រាថ្នាដ៏ជ្រាលជ្រៅបំផុតនៃប្រជាជាតិទាំងមូលនោះគឺការធានាឱ្យបុគ្គលគ្រប់រូបអាចរស់នៅដោយសេចក្ដីថ្លៃថ្នូរនិងគ្រួសារគ្រប់រូបអាចរីកចម្រើនទៅមុខក្នុងសុខសុវត្ថិភាព។
ឯកឧត្ដមប្រធានស្ដីទីព្រឹទ្ធសភា បានបញ្ជាក់ថា នៅក្នុងបរិបទប្រទេសកម្ពុជា សន្តិភាព និងសន្តិសុខ ជាមូលដ្ឋានគ្រឹះក្នុងការធ្វើឲ្យសម្រេចបាននូវកិច្ចអភិវឌ្ឍ ធានាលើកកម្ពស់សិទ្ធិមនុស្ស និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការលើកកម្ពស់ឋានៈតួនាទី និងស្ថានភាពស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ។ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្តេជ្ញាបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធា្នប់សាធារណៈ ដែលកត្តាទាំងនេះជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ។
នៅក្នុងបរិបទដែលមានការឈ្លានពាន និងការបង្កើនភាពតានតឹងតាមព្រំដែនដោយភាគីថៃ ផលប៉ះពាល់បានធ្លាក់ទៅលើស្ត្រី និងក្មេងស្រីយ៉ាងច្បាស់លាស់ ដោយធ្វើឱ្យមានការកើនឡើងនូវហានិភ័យសន្តិសុខផ្ទាល់ខ្លួន ការផ្លាស់ទីលំនៅបណ្តោះអាសន្ន ការបាត់បង់មធ្យោបាយរកប្រាក់ចំណូល និងការរាំងស្ទះក្នុងការទទួលបានសេវាសុខាភិបាល ជាពិសេសសេវាសុខភាពមាតា-ទារក និងសុខភាពផ្លូវចិត្ត។ ស្ថានភាពអស្ថិរភាពបែបនេះ ក៏អាចបង្កើនហានិភ័យអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការកេងប្រវ័ញ្ចលើស្ត្រី-ក្មេងស្រីផងដែរ ដែលជាមូលហេតុធ្វើឱ្យការរក្សាសន្តិភាព និងសន្តិសុខក្លាយជាប្រធានបទមានន័យជាក់ស្តែង និងមានតម្លៃខ្លាំងជាងមុន ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារីឆ្នាំនេះ។
សន្តិភាព និងសន្តិសុខ ជាគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលដល់ការរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការងារសិទ្ធិស្រ្តី និងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាងនិងថែរក្សាសន្តិភាព និងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី រួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម។
សន្តិភាពនៅកម្ពុជាកើតមានឡើង តាមរយៈការខិតខំរួមនិងយុទ្ធសាស្រ្ត ប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនៃ«នយោបាយ ឈ្នះ ឈ្នះ» បាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញបរិបូរណ៍ និងសម្រេចបាននូវកិច្ចអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវភាពសុខសាន្ត សម្បូរសប្បាយរបស់ប្រជាជនខ្មែរ និងការអភិវឌ្ឍប្រទេសប្រកបដោយចិរភាព ព្រមទាំងការគោរពសិទិ្ធមនុស្ស ការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការលើកកម្ពស់សមភាពយេនឌ័រ។
ការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម គឺមិនអាចកាត់ផ្តាច់បានពីការផ្តល់ឱកាសស្មើៗគ្នា ជូនប្រជាជនគ្រប់រូបនូវផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពសង្គម ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស ឲ្យក្លាយទៅជាធនធានដែលមានសក្តានុពលមិនចេះរីងស្ងួត។ជាចុងក្រោយ ឯកឧត្តមប្រធានស្ដីទីព្រឹទ្ធសភា បានលើកទឹកចិត្តដល់មន្ត្រីរាជការនារីទាំងអស់ត្រូវខិតខំកសាងសមត្ថភាព ដើម្បីចូលរួមឲ្យបានកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងគ្រប់យន្តការរបស់អគ្គលេខាធិការដ្ឋាន ស្របទៅនឹងការអភិវឌ្ឍថ្មីរបស់ព្រឹទ្ធសភា ជាពិសេសអាចឆ្លើយតបបានចំពោះចក្ខុវិស័យមុខងារ និងអាទិភាពចម្បងដែលដាក់ចេញប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងខិតខំជម្នះឲ្យបានលើបញ្ហាប្រឈមផ្សេងៗទាំងក្នុងគ្រួសារនិងសង្គម៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ