ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា អនុញ្ញាតឱ្យអគ្គលេខាធិការរដ្ឋសភាហុងគ្រី ចូលជួបសម្តែងការគួរសម
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូរិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត György Such អគ្គលេខាធិការរដ្ឋសភាហុងគ្រី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តមអគ្គលេខាធិការរដ្ឋសភាហុងគ្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរង្វែង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ព្រមទាំងបានរំលឹកអំពីការរីកចម្រើននៃទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការរក្សាកិច្ចសន្ទនារវាងគ្នាទៅវិញទៅមក។ ភាគីទាំងពីរ ក៏បានពិភាក្សារិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជាក់ស្តែងបន្ថែមទៀត ជាពិសេស ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស និងបង្កជាបញ្ហាប្រឈមដែលកំពុងកើនឡើងចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរ ដោយបានផ្តោតសារៈសំខាន់លើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលផ្តល់ប្រយោជន៍រួម រួមមាន ការទូត សេដ្ឋកិច្ច ថាមពល អប់រំ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាលើបញ្ហាតំបន់ដែលជាកង្វល់រួម។

ក្រោយជំនួប ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រី។ គោលបំណងនៃការចុះអនុស្សរណៈខាងលើ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការស្ថាប័នតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ទស្សនកិច្ចសិក្សា កិច្ចសន្ទនាវិជ្ជាជីវៈ និងសកម្មភាពកសាងសមត្ថភាព ក្នុងគោលដៅបង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់ស្ថាប័នទាំងពីរ និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែទូលំទូលាយ៕

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ